អាមេរិក-ហ្វីលីពីនផ្តើមសមយុទ្ធយោធារួមគ្នា

ម៉ានីល៖ កងទ័ពអាមេរិកនិងហ្វីលីពីនបានផ្តើមធ្វើសមយុទ្ធរួមគ្នា ជាលក្ខណៈទ្រង់ទ្រាយដ៏ធំពុំធ្លាប់មាន។

ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

កងទ័ពប្រមាណជិត ១៨ ០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីនថា បាលីកាតាន់ (Balikatan) ឬ «ស្មាប្រកៀកស្មា» ដោយក៏ នឹងមាននូវការចុះចតឧទ្ធម្ភាគចក្រយោធានៅលើកោះហ្វីលីពីនមួយ ដែលស្ថិតនៅឯភាគខាងជើងនៃកោះលូសុន (Luzon)ផងដែរ។

មេបញ្ជាការកងយន្តហោះចម្បាំងនៃកងម៉ារីនអាមេរិកទីមួយ លោកឧត្តមសេនីយ៍ទោ អេរ៉ិក អូស្ទីន (Eric Austin) បានថ្លែងក្នុងពិធីបើកនាទីក្រុងម៉ានីល យ៉ាងដូច្នេះថា «តាមរយៈសមយុទ្ធនេះ កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ បង្កើនជំនាញ និងបំពេញបន្ថែមសមត្ថភាពរបស់យើងតាមរយៈការសហការគ្នា ដោយធានាថាយើងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងពិភពពិតជាមួយគ្នា»។

វាជាលើកទីមួយហើយដែលសមយុទ្ធនេះត្រូវបានធ្វើឡើង ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos) ដែលបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌីហ្គោ ឌូតឺតេ (Rodrigo Duterte) ហាក់បានបំផ្លាញសម្ព័ន្ធភាពនេះ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner