កន្ធំថេត ជារុក្ខជាតិពលរដ្ឋខ្មែរ ចូលចិត្តប្រើធ្វើជារបោយនំបញ្ចុក និងគ្រាប់ប្រើលេបទម្លាក់ព្រូន
ភ្នំពេញ ៖ កន្ធំថេត ឬគេហៅថា ក្ទម្ពទេស ជារុក្ខជាតិម្យ៉ាងដែលផ្តល់អត្ថប្រយោជន៍ច្រើន ហើយពលរដ្ឋខ្មែរ បានបេះយកមកប្រើប្រាស់ធ្វើជាបន្លែ ពិសេសប្រើជារបោយនំបញ្ចុក និងអ្នកខ្លះប្រើគ្រាប់របស់វាជាឱសថសម្រាប់ទម្លាក់ព្រូនទៀតផង។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ថា ៖ កន្ធំថេត មានឈ្មោះវិទ្យាសាស្ត្រថា ( Leucaena leucocephala (Lam.) de Wit ) មានប្រភពដើមដុះក្នុងទ្វីបអាមេរិកផ្នែកកណ្ដាល ដូចជាប្រទេសម៉ិចស៊ីកជាដើម ។ វាជាប្រភេទដើមឈើមានកម្ពស់ដល់ ១០-១២ម ។ មែកមានក្រពេញ មូលសំប៉ែត ស្លឹករួមស្និត (pinnatly compound)។

រុក្ខជាតិប្រភេទនេះមានកញ្ចុំផ្កាជាដុំមូល (capitate) ផ្កាទ្វេភេទ (bisexual) គ្មានទង មានត្របកផ្កា ៥ជាប់គ្នា (gamosepalous) ស្រទាប់ផ្កា ៥ដាច់គ្នា កេសរឈ្មោល១០ កេសរញីមានតែ១ ហើយមានទង (stipitate)។ ផ្លែជា គ្លូស្ស (gousse, pod) វែងសំប៉ែតមានប្រវែង ២០ស.ម។ ដល់ចាស់ផ្លែបែកតាមចំហៀង សងខាង ហើយមានគ្រាប់ច្រើន។ ជាប្រភេទដែលមានប្រូតេអ៊ីនខ្ពស់បំផុត នៅតំបន់ត្រូពិក ដុះនៅតាមតំបន់ជនបទ ស្រុកស្រែ ចម្ការ ។
អត្ថប្រយោជន៍របស់ កន្ធំថេត គឺ សម្រាប់ ជាបន្លែ៖ ស្លឹកខ្ចីៗសម្រាប់យកធ្វើជាបន្លែ និងរបោយនំបញ្ចុក។ គេក៏អាចយកស្លឹក ធ្វើជាចំណីគោ ក្របីផងដែរ។ និង ជាឱសថ៖ ទំពារគ្រាប់ខ្ចី ឬចាស់ ហើយលេបដើម្បីទម្លាក់ព្រូន ៕

ដោយ៖ ម៉ាដេប៉ូ