ឯកឧត្តម ឃួង ស្រេង ជំរុញការងារស្ដារប្រឡាយជើងឯកឲ្យបានលឿន និងឱ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានី នៅពេលរដូវវស្សាមកដល់

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឲ្យបានលឿន និងឱ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់ ។

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ខណៈ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យក្រុមការងារធ្វើការ កាយភក់និងពង្រីកតួប្រឡាយឲ្យបានធំដើម្បីទឹកហូរបានលឿន។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការងារដែលត្រូវអនុវត្តពាក់ព័ន្ធ និងការស្ដារប្រឡាយនេះ យើងមានពេល ៤ខែ ពិសេស នៅក្នុងរដូវប្រាំងនេះ ។ រដូវប្រាំង យើងងាយស្រួលក្នុងការស្ដារ ក៏ដូចជាពង្រីកតួរ ប្រឡាយឲ្យបានធំ ធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺយើង អាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖ ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក សាំ ពិសិដ្ឋ បន្តថា តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង គឺតម្រូវឲ្យក្រុមការងារធ្វើការស្ដារ និងកាយប្រឡាយនេះ ឱ្យបានទំហំទទឹងចាប់ពី ២០ម៉ែត្រទៅ ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្តអនុវត្តជាប្រចាំ និងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មានន័យថា ពេលរដូវវស្សាមកដល់ ប្រឡាយនេះ ត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner