សហរដ្ឋអាមេរិកបញ្ចេញថវិកា ៥ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង Covid-19 ថ្មី
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យនាយកដ្ឋានសុខភាព និងសេវាមនុស្ស (HHS) និងមន្ត្រីរដ្ឋបាលលោក ចូ បៃដិន បាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងចំណាយប្រាក់ច្រើនជាង ៥ពាន់លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការព្យាបាលជំងឺ Covid-19 ថ្មី។
ការវិនិយោគដែលត្រូវបានគេដាក់ឈ្មោះថា “Project NextGen” និងបានប្រកាសដោយមន្ត្រីសេតវិមាន និង នាយកដ្ឋានសុខភាព និងសេវាមនុស្ស (HHS) នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ដោយគម្រោងនេះ មានគោលបំណងផ្តល់ការការពារកាន់តែប្រសើរឡើងពីការឆ្លងមេរោគ រួមទាំងការទប់ស្កាត់កុំឱ្យជំងឺ Covid-19 អាចក្លាយជាការគំរាមកំហែងនាពេលអនាគត។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចំណាយប្រាក់យ៉ាងតិច ៥ពាន់លានដុល្លារ ក្នុងការសហការជាមួយវិស័យឯកជន ដែលនេះជាវិធីសាស្រ្តស្រដៀងគ្នាទៅនឹងគម្រោង “Operation Warp Speed” ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានពន្លឿនការអភិវឌ្ឍន៍ និងការចែកចាយវ៉ាក់សាំងនៅឆ្នាំ ២០២០។
មន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយថា គម្រោង “Project NextGen” នឹងពន្លឿន ហើយសម្រួលដល់ការអភិវឌ្ឍន៍វ៉ាក់សាំងយ៉ាងឆាប់រហ័ស និងការព្យាបាលជំនាន់ថ្មី តាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

