សង្ក្រាន្តថៃវិលត្រឡប់មកវិញជាលើកដំបូង ក្រោយផ្អាកអស់ពេល ៣ឆ្នាំដោយសារជំងឺកូវីដ-១៩

បាងកក៖ ការលេងកាំភ្លើងបាញ់ទឹក និងស្នាមញញឹមរបស់ប្រជាជនថៃដ៏ច្រើនបានវិលត្រឡប់សាជាថ្មីនៅតាមដងផ្លូវនៃទីក្រុងបាងកក នៅថ្ងៃទី១៣ ខែមេសានេះ ស្របពេលដែលរដ្ឋធានីរបស់ប្រទេសថៃមួយនេះ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ ដែលហៅថា សង្ក្រាន្ត បន្ទាប់ពីបានផ្អាករយៈពេល ៣ឆ្នាំដោយសារជំងឺកូវីដ១៩។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ដែលមានរយៈពេល ៣ថ្ងៃនេះ ក្រៅពីការងូតទឹកជូនដល់មនុស្សចាស់ និងការស្រង់ព្រះហើយនោះ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់យុវជនថៃ និងជនបរទេស សប្បាយរីករាយជាមួយនឹងការទទួលទានស្រាផងដែរ។ អ្នកទទួលភ្ញៀវជនជាតិថៃ កញ្ញា Phoranee Sukjee អាយុ ២៩ឆ្នាំ បាននិយាយថា កញ្ញាសង្ឃឹមថា ការប្រារព្ធពិធីបុណ្យសង្ក្រាន្តនេះឡើងវិញ នឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលត្រូវបានរងគ្រោះដោយសារតែជំងឺរាតត្បាតកូវីដ១៩។

អភិបាលទីក្រុងបាងកក លោក Chadchart Sittipunt បានជំរុញឱ្យប្រជាពលរដ្ឋពាក់អាវចម្រុះពណ៌ និងគោរពសកម្មភាពបុណ្យសង្ក្រាន្ត ក្នុងបរិយាកាសគ្រួសារដែលគ្មានគ្រឿងស្រវឹង។ ទោះបីជាយ៉ាងនេះក្តី នៅពេលថ្ងៃត្រង់ ការទទួលទានស្រាបៀរ និងការចាក់ភ្លេងបានចាប់ផ្តើម ខណៈដែលជនជាតិថៃ និងជនបរទេសបានលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមក។ បុរសអាយុ ៣៤ឆ្នាំមកពីប្រទេសកាហ្សាក់ស្ថាន ដែលឥឡូវនេះរស់នៅក្នុងទីក្រុងប៉ាតាយ៉ា បាននិយាយថា យើងមកទីនេះដើម្បីលេងបាញ់ទឹក។

តូបតាមដងផ្លូវដែលលក់កាំភ្លើងបាញ់ទឹក ស្រោមទូរស័ព្ទជ័រការពារជ្រាបទឹក និងកន្លែងចាក់ទឹកកាំភ្លើងបាញ់ទឹក កំពុងធ្វើពាណិជ្ជកម្មយ៉ាងគគ្រឹកគគ្រេង ដោយអ្នកលក់ និងកូនៗរបស់ពួកគេកំពុងលក់ជូនដល់អតិថិជនយ៉ាងសប្បាយរីករាយ។
ចំណែកអាជីវករលក់ក្រូចម្នាក់ទៀត ក៏បាននិយាយដែរថា ខ្ញុំសប្បាយចិត្តណាស់ ព្រោះអាជ្ញាធរបានអនុញ្ញាតឲ្យពួកយើងលេងបាញ់ទឹក ដូចដែលពួកយើងធ្លាប់លេងកន្លងមក។ បន្ថែមលើនេះ អាជ្ញាធរក៏បានអនុញ្ញាតឱ្យពួកយើងអាចផឹកស្រាបៀរ ហើយបានបន្ធូរបន្ថយបទប្បញ្ញត្តិផងដែរ ដូច្នេះខ្ញុំគិតថា អ្នកទេសចរបរទេសនឹងសប្បាយរីករាយ ជាមួយពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner