ជប៉ុនអនុញ្ញាតឱ្យមានទិដ្ឋការតាមអនឡាញ ដល់ប្រទេសចំនួន១០ ពិសេស មានសុពលភាពរហូតដល់៩០ថ្ងៃ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋាការតាមអនឡាញ (eVisa) ។នេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។
នេះបើយោងតាមក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
នាកិច្ចជំនួបនោះ លោកឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

តាមរយៈក្រសួងទេសចរណ៍ លោក អេណុ អាត់ស៊ូស្ស៉ឹ បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។
លោកមានប្រសាសន៍ថា ៖ «កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ មុនធ្វើដំណើរចូលទៅប្រទេសជប៉ុន។ តាមរយៈការទទួលបានទិដ្ឋការអនឡាញថ្មីនេះ ភ្ញៀវទេសចរអាចដើរទស្សនា ស្នាក់នៅប្រទេសជប៉ុនបានរយៈពេល៣ខែ ដោយគិតទាំងការចេញចូលច្រើនដងជាដើម»។
ជាមួយគ្នានោះដែរ លោក ថោង ខុន បានលើកឡើងដោយបានចាត់ទុកគោលការណ៍អនុញ្ញាតឱ្យមានការស្នើសុំទិដ្ឋការអនឡាញនេះ ពិតជាល្អប្រសើរណាស់សម្រាប់វិស័យទេសចរណ៍ប្រទេសទាំង២។
លោកបានបញ្ជាក់ថា ៖ «ភ្ញៀវទេសចរមិនចំណាយពេលយូរ សន្សំសំចៃប្រាក់ ងាយស្រួល ព្រមទាំងទទួលបានរយៈពេលយូរក្នុងការស្នាក់នៅ ឬដើរទស្សនាប្រទេសជប៉ុន ហើយក៏អាចប្រើទិដ្ឋការនោះចេញចូលប្រទេសជប៉ុនបានច្រើនដងថែមទៀត»។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការធ្វើដំណើររបស់ភ្ញៀវទេសចរកម្ពុជាដែលទៅដល់ប្រទេសជប៉ុន ក្រៅពីដើរទេសចរណ៍ ពួកគេក៏ព្យាយាមដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍ ភាពស្អាត អនាម័យ ក៏ដូចជាការរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។ ទេសចរណ៍គឺជាផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដូច្នេះការដែលប្រជាជនកម្ពុជាឃើញនូវអ្វីដែលល្អនៅប្រទេសជប៉ុន គឺតែងយកមកអនុវត្តនៅប្រទេសកម្ពុជាវិញ។ ភ្ញៀវទេសចរកម្ពុជាដែលទៅជប៉ុនច្រើន គឺនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩៕
ដោយ៖នាង សុគន្ធា