ក្រសួងទេសចរណ៍៖ បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១មានភ្ញៀវ ទេសចរដើរកម្សាន្ត ជាងពីរលាននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេលមួយថ្ងៃដំបូង នៃ ពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខ្មែរមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅទូទាំង ប្រទេសមានជាងពីរលាននាក់ ដែលមាន កើនឡើងជាង១៤០ភាគរយ បៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៥ខែមេសានេះថាតាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្តសម្រាប់ថ្ងៃទី១នៃពិធី បុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៤ខែមេសាមានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំង ប្រទេស សរុបចំនួន ២ ០៩៨ ៥០១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២ ០៧៩ ៦៧០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៨៨៣១ នាក់។

ក្រសួងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប ៤៣ ៦៦៧៩ នាក់ ខេត្តបាត់ដំបង ៣០ ៥៦១៥ នាក់ រាជធានីភ្នំពេញ ២៦៣ ៥៤៩ នាក់ ខេត្តស្វាយរៀង ១៤៤ ៧៧៨ នាក់ខេត្តកណ្តាល ១២៨ ៦៩១ នាក់ ខេត្តបន្ទាយមានជ័យ ១០៨ ៥១៤ នាក់ ខេត្តកំពង់ឆ្នាំង ១០៣ ៧៨៤ នាក់ ខេត្តព្រះសីហនុ ១០២០៩៦ នាក់ និងខេត្តកំពត ៩៥៣៤៤ នាក់។
ប្រភពដដែលបន្តថា ជាការកត់សម្គាល់ ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូល ឆ្នាំប្រពៃណីជាតិថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំង ធៀប នឹងថ្ងៃចូលឆ្នាំទី១កាលពីឆ្នាំ២០២២។

ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣,១៩ភាគរយ ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុណ្ណោះ។
ដោយឡែក ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្ត នៅ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជា ពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្វសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។
ក្រសួងទេសរណ៍ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាង គេនៅលើពិភពលោកនៅប្រាសាទអង្គរវត្ត។ ក្នុងនោះដែរ បណ្តា រាជធានីខេត្តផ្សេងៗ សុទ្ធតែមានការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា។
ជាមួយគ្នាះដែរ កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈ បញ្ជាការឯកភាពរាជធានីខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត បានចាត់តាំងកម្លាំងប្រចំាការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្វកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ។

ក្រសួងទេសចរណ៍ បានវាយតម្លៃថា ជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើង ទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថានឹងមាន សភាព កាន់តែផុសផុសនា បុណ្យចូលឆ្នាំថ្ងៃទី២នេះ៕


ដោយ៖​ សុខ រក្សា

ads banner