គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ ស្លាប់ពីរនាក់និងរបួសជាង១០នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរបណ្តាលឱ្យមនុស្សស្លាប់ពីរនាក់ និងរបួសជាង១០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការថយចុះអ្នកស្លាប់ចំនួន ៤នាក់ផងដែរ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ពីរនាក់ របួសធ្ងន់ស្រាល ១២នាក់ (របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់)។ របាយការណ៍ដដែលបន្តថា ក្នុងនោះមានគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួនប្រាំមួយលើក រួមមាន ល្បឿនមួយលើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធិ ពីរលើក មិនប្រកាន់ស្តាំបីលើក (ស្លាប់ ១នាក់)។

ប្រភពដដែល បញ្ជាក់ថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងប្រាំមួយលើក ថយចុះបីលើក និងអ្នកស្លាប់ពីរនាក់ ថយចុះបួននាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានអ្នកស្លាប់រហូតដល់ប្រាំមួយនាក់ឯណោះ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ រួមមាន បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា និងមិនប្រកាន់ស្តាំជាដើម។

សូមជម្រាបថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន បានធ្វើការអំពាវនាវឱ្យគ្រប់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាការស្លាប់ និងគ្រោះថ្នាក់ ។

ក្នុងនោះដែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ និងដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូនផងដែរ៕

ដោយ៖សុខ រក្សា

ads banner