អូស្រ្តាលី បន្ត​ជួយកម្ពុជា ដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ប្រទេសអូស្ត្រាលីបានបរិច្ចាគថវិកាជាង ១០០ លានដុល្លារអូស្ត្រាលីដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន​នៅ​កម្ពុជា​ដោយ​បន្តប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ នេះបើតាម​ការ​លើកឡើង​របស់ស្ថានទូតអូស្រ្តាលី​ប្រចាំកម្ពុជា​។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា​បានលើកឡើងតាមរយៈ​បណ្តាញសង្គម​ហ្វេសប៊ុក​ផ្លូវ​ការរបស់ខ្លួន​​នៅថ្ងៃទី១៧ ខែមេសា​ឆ្នាំ២០២៣ ​ថា សហគមន៍នៅទីជនបទក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ឥឡូវនេះកំពុងដាំដុះដំណាំផ្សេងៗលើផ្ទៃដីដែលត្រូវបានបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលគាំទ្រដោយប្រទេសអូស្ត្រាលី។​

ប្រភពដដែល​បានបន្តថា ចាប់តាំងពីដើមទសវត្សរ៍ទី ៩០ មក ប្រទេសកម្ពុជា បា​នបោសសម្អាតផ្ទៃដីដែលមានមីនប្រមាណ ២៥០០ គីឡូម៉ែត្រក្រឡា ដែលជាការវិវឌ្ឍដ៏អស្ចារ្យនៅក្នុងប្រ​ទេសមួយ ក្នុងចំណោមប្រទេស ដែលមានផ្ទុកគ្រាប់មីនកំរិតធ្ងន់ជាងគេលើពិភពលោក។​

ស្ថានទូតអូស្រ្តាលីអះអាងបន្ថែមដូច្នេះថា ប្រទេសអូស្ត្រាលី បានបរិច្ចាគថវិកាជាង ១០០ លានដុ​ល្លារ​អូស្ត្រាលី ដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយអូស្រ្តាលីនឹងបន្តប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីក្លាយជា​ប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ខាងមុខនេះ។​

ចំពោះលទ្ធផលដែលសម្រេចបាននេះ ស្ថានទូតអូស្រ្តាលីបានឱ្យដឹងទៀតថា ថ្មីៗនេះ បុគ្គលិកស្ថានទូតអូស្ត្រា​លី បានអមដំណើរគណៈប្រតិភូមួយក្រុមដើម្បីជួប និងស្វែងយល់ពីសហគមន៍នៅក្នុងខេត្តទាំងពីរ​នេះដែលរស់នៅលើផ្ទៃដី ដែលពីមុនត្រូវបានគ្របដណ្តប់ទៅដោយមីន អំពីផលជាក់ស្តែងនៃគម្រោងនេះ ទៅលើជីវិតរបស់ពួកគេ។​​

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានឱ្យដឹងទៀតថា អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែងមួយរបស់កម្ពុជា ក្នុងកា​រលុបបំបាត់គ្រោះមហន្តរាយនេះ។ ជាក់ស្តែង បើគិតចាប់តាំងពីឆ្នាំ ១៩៩៤ មក អូស្ត្រាលី បានរួមចំ​ណែកជាថវិកា​ ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលនៅក្នុងនោះមានខេត្តចម្បងចំនួនបី ដែ​លរងផលប៉ះពាល់ខ្លាំងជាងគេគឺ ខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង។

សូមរម្លឹកផងដែរថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង មួយលាននាក់ ក្នុងនោះ ៥០ភាគរយ ជាស្ត្រី និងកុមារី។​

រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។ គម្រោងនេះ ត្រូវបានអនុវត្តដោយអាជ្ញាធរមីន​ និងគ្រប់គ្រងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០ភាគរយ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលប្រចាំឆ្នាំផងដែរ។

កាលពីពេលកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើតគោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​បោសសម្អាត​គ្រាប់មីន​មិនទាន់​ផ្ទុះ ឱ្យអស់​នៅត្រឹម​ឆ្នាំ២០២៥ ក្នុង​គោលដៅ​ផ្តល់​សុខ​សុវត្ថិភាព និង​លើកកម្ពស់​ភាពសុខដុមរមនា​របស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង។​

សម្តេចតេជោ ហ៊ុន សែន ក៏​បានបង្ហាញក្តីរំពឹងទុកថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រ​កបដោយស្នាមញញឹមរបស់ពលរដ្ឋកម្ពុជាផងដែរ។​

​សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួនប្រាំបីជាខេត្តអស់មីន ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕

ដោយ៖សែម ពិសី

ads banner