អតីតសមាជិកសភាឥណ្ឌាត្រូវបានបាញ់សម្លាប់

ឥណ្ឌា៖ អតីតសមាជិកសភាពប្រទេសឥណ្ឌាលោក Atiq Ahmed និងបងប្រុសរបស់​លោកគឺលោក Ahfred Ahmed ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់អំឡុងពេលប៉ូលិសកំពុងនាំខ្លួនទៅពិនិត្យសុខភាពមុនពេលចាប់យកទៅឃុំឃាំងក្រោមបទចាប់ជំរិត កាលពីថ្ងៃសៅរ៍​ទី១៥ ខែមេសា ឆ្នាំ​២០២៣​។ 

ខ្សែរវីដេអូដ៏គួរឱ្យ​ភ្ញាក់ផ្អើលមួយ​ត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយក្នុងនោះត្រូវបានគេមើលឃើញថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានឈរនៅជិតប៉ូលិស និងបាន​បាញ់ចំក្បាលរបស់អ្នកទោ​ស​ទាំងពីរដែលបណ្តាលឱ្យ​ពួកគេបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ 

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យ​ដឹងថា ជនដៃដល់មានគ្នាបីនាក់ និងបា​នបន្លំខ្លួនធ្វើជាអ្នកកាសែតដើម្បីចូលទៅទីនោះ​។ ស្របពេលជាមួយគ្នានោះដែរ សមត្ថកិច្ចចាប់បានជនស​ង្ស័យម្នាក់ភ្លាមៗ និងពីរនាក់ទៀតកំពុងរត់គេចខ្លួន។ ​

ក្រោយការធ្វើឃាតទៅលើបុរសទាំងពីរនេះ រដ្ឋាភិបាល​នៃរដ្ឋ​ Uttar Pradesh ប្រទេសឥណ្ឌា បានចេញសេ​ចក្តីប្រកាសរារាំងការប្រមូលផ្តុំគ្នាជាហ្វូងដោយលោកបារម្ភពីការកើនឡើងនៃចលាចល និងអំពើហិង្សានៅទូទាំ​ងរដ្ឋទាំងមូល​។ 

ក្នុងនោះផងដែរ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា ៖ «រដ្ឋាភិបាលបានដាក់បញ្ជារឹតបន្តឹងបន្ទាប់ពីកា​រសម្លាប់លោក Atiq Ahmed និងលោក Ashraf Ahmed ដែលជាសមាជិកនៃក្រុមម៉ាហ្វីយ៉ាដ៏ធំដែលពាក់ព័ន្ធនឹងការរំលោភដីធ្លី និងក្នុងសំណុំរឿងឃាតកម្ម» ។

លោកបានបន្ថែមទៀតថា ៖ «យើងមិនចង់ឱ្យទម្រង់នៃការតវ៉ាណាមួយក្លាយទៅជាភាពវឹកវរ ចលាចលនោះទេ»។ 

គួរឱ្យ​ដឹងផងដែរថា កាលពីសប្តាហ៍មុន ក្រុមប៉ូលិសបានសម្លាប់កូនប្រុសរបស់លោក Atiq Ahmed ក្នុងទីក្រុង Jhansi ជុំវិញករណីឃាតកម្ម និងការពាក់ព័ន្ធជាមួយនឹង​ក្រុមឧក្រិដ្ឋកម្មម៉ាហ្វីយ៉ាដែលកំពុងមានប្រ​តិ​បត្តិការយ៉ាងធំនៅក្នុងរដ្ឋ Uttar Pradesh។ 

សូមរំឮកផងដែរថា កាលពីប្រាំមួយឆ្នាំមុនប៉ូលិសឥណ្ឌាបានបាញ់សម្លាប់ក្រុមឧក្រិដ្ឋកម្មជាង ១៨០ នាក់ អំឡុងពេ​លពេលប៉ះទង្គិចគ្នាមួយ​។ 

ប្រធានគណបក្សប្រឆាំង Samajwadi លោក Akhilesh Yadav បានរិះគន់ ការបាញ់សម្លាប់អតីតសមា​ជិកសភាថា ជាការបរាជ័យរបស់គណបក្សកាន់អំណាច Bharatiya Janata ក្នុងការនាំយកច្បាប់ និងសណ្តា​ប់ធ្នាប់ជូនទៅដល់ប្រជាពលរដ្ឋ​ក្នុង​រដ្ឋ Uttar Pradesh៕

ប្រែសម្រួល៖ឡេង អារីតា

ប្រភព៖​ Former Indian lawmaker killed live on TV while in police custody

ads banner