នាវាចម្បាំងអាមេរិក បើកកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីចិនបញ្ចប់សមយុទ្ធយោធា
តៃប៉ិ៖ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នាវាចម្បាំងអាមេរិកប្រភេទ USS Milius បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដោយកងទ័ពជើងទឹកអាមេរិកបានពិព័ណ៌ថាការធ្វើដំណើរនេះគឺជាការឆ្លងកាត់ជាប្រចាំមួយរបស់ពួកគេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានបញ្ចប់សមយុទ្ធយោធាចុងក្រោយរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់។
សូមរំឭកថា ប្រទេសចិនដែលតែងតែចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានទើបតែបញ្ចប់សមយុទ្ធយោធារយៈពេលបីថ្ងៃរបស់ខ្លួនជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ សប្តាហ៍មុន។ ក្នុងសមយុទ្ធនោះផងដែរ ចិនបានអនុវត្តការវាយប្រហារឱ្យចំគោលដៅជាក់លាក់ និងការបិទផ្លូវមិនឱ្យចេញចូលកោះតៃវ៉ាន់បាន។
សមយុទ្ធរបស់ចិននេះផងដែរ ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy)។ ចិនបានចាត់ទុកជំនួបនោះថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងចោទប្រកាន់សហរដ្ឋអាមេរិកថាបានគាំទ្រការផ្ដាច់ខ្លួនរបស់តៃវ៉ាន់ពីប្រទេសចិន។
ត្រឡប់ទៅកាន់កងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកវិញ ពួកគេបាននិយាយថា ៖ «ប្រភេទនាវាពិឃាតដែលបំពាក់ដោយគ្រាប់មីស៊ីល ឬហៅជាភាសាអង់គ្លេសថា USS Milius បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ ដែលវាគឺជាការអនុវត្តគោលការណ៍សេរីភាពផ្នែកនាវាចរណ៍សមុទ្រ និងការហោះហើរលើសមុទ្រ ស្របទៅតាមច្បាប់អន្តរជាតិដែលមានចែង»។
ពួកគេបានបន្ថែមថា ការធ្វើដំណើររបស់នាវានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះយុទ្ធសាស្ត្រសេរី និងបើកចំហនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក។ ដោយឡែក បញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិនវិញ បានលើកឡើងនៅក្នុងការបង្ហោះសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា ខ្លួនបានរៀបចំក្រុមទាហានជំនាញមួយចំនួនដើម្បីតាមដាន និងឃ្លាំមើលនូវរាល់សកម្មភាពរបស់នាវារបស់សហរដ្ឋអាមេរិកមួយនេះ។
ចំណែកឯក្រសួងការពារជាតិរបស់តៃវ៉ាន់វិញ បានថ្លែងថា ៖ «នាវាចម្បាំងរបស់សហរដ្ឋអាមេរិកនោះបានបើកក្នុងទិសដៅឆ្ពោះទៅភាគខាងជើង ឆ្លងកាត់ច្រកសមុទ្រ ហើយក្នុងអំឡុងពេលឆ្លងកាត់នោះ ស្ថានភាពនៅក្នុងច្រកសមុទ្រគឺធម្មតានោះទេ»។ គួរដឹងដែរថា កន្លងមក កងទ័ពជើងទឹកសហរដ្ឋអាមេរិក តែងធ្វើការបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចំនួនម្ដងក្នុងមួយខែ
ហើយក៏បានអនុវត្តគោលការណ៍សេរីភាពនៃការធ្វើនាវាចរណ៍ដូចគ្នានេះដែរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាតំបន់កំពុងមានជម្លោះ។
គួររំឭកដែរថា កាលពីសប្តាហ៍មុន នាវារបស់សហរដ្ឋអាមេរិក ប្រភេទ USS Milius នេះផងដែរ បានធ្វើដំណើរទៅកៀកជិតនឹងកោះមួយឈ្មោះថា Mischief Reef ដែលជាកោះបង្កើតឡើង និងគ្រប់គ្រងដោយចិននៅឯសមុទ្រចិនខាងត្បូង។
កាលនោះ ទីក្រុងប៉េកាំងបានចេញបរិហារភ្លាមៗថា «វាគឺជាទង្វើខុសច្បាប់»។ ជាការកត់សម្គាល់ ប្រទេសចិនបានបន្តសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ជាហូរហែ ពោលគឺចាប់តាំងពីបានធ្វើសមយុទ្ធរួចមក ប៉ុន្តែសកម្មភាពយោធាទាំងអស់នោះមានទំហំមិនសូវធំដូចកាលមុនៗនោះទេ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានប្រកាសថា ខ្លួនបានប្រទះឃើញយន្តហោះចម្បាំងចិនចំនួន ១៨ គ្រឿង និងនាវាកងទ័ពជើងទឹករបស់ចិនចំនួន ៤ គ្រឿង កំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងមុន។ កន្លងមក ចិនមិនដែលប្រកាសថានឹងបោះបង់ចោលការប្រើកម្លាំងយោធាដើម្បីទាមទារយកតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ក៏តែងតែបដិសេធចំពោះការទាមទាររបស់ចិន
ហើយអះអាងយ៉ាងច្បាស់ថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន៕
ប្រែសម្រួល៖ធា សុណា