សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ល្បី​ឈ្មោះ​​ លោក​ចូស្វា វ៉ុង រង​ការ​កាត់​ទោស​ឱ្យ​ជាប់​គុក​បីខែ​ ចំពោះ​ការ​ទម្លាយ​​ព័ត៌មានផ្ទាល់​ខ្លួន​របស់​ប៉ូលិសមួយ​រូប​

​ហុងកុង៖សកម្មជន​ប្រជាធិបតេយ្យ​ដ៏​ល្បី​ឈ្មោះ​​នៅ​​ក្រុង​ហុងកុង​ លោក​ ចូស្វា​ វ៉ុង​ (Joshua Wong) ​រង​ការ​កាត់​ទោស​នៅថ្ងៃទី​១៧ ខែ​មេសា​ ឱ្យ​ជាប់​ពន្ធ​ធាគារ​​រយៈ​ពេល​បី ខែ​ ចំពោះ​ការ​ចោទ​ប្រកាន់​​ពី​បទ​ «រំលោភ​ព័ត៌មាន​» ដោយ​ការ​ទម្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​​មន្រ្តី​ប៉ូលិស​ម្នាក់​​។ នេះ​បើ​តាម​​យោង​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ លោក​ វ៉ុង​។  ​

លោក​ វ៉ុង​ ​​វ័យ​ ២៦ឆ្នាំ ដែល​​​​​លេច​ឡើង​ជា​សកម្មជន​ល្បី​​ឈ្មោះ​​ចាប់​តាំង​​ពី​​ឆ្នាំ​ ២០១៤​​ ​បាន​ដឹក​នាំ​​​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទ្រង់​ទ្រាយ​ធំ​​របស់​សិស្ស​​និស្សិត​​នៅ​​ទី​ក្រុង​ហុងកុង​​ក្នុង​​ឆ្នាំ​ ២០១៩​។ ​ក្នុង​​​សេចក្តី​ស​ម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​រំលោភ​លើ​បម្រាម​របស់​តុលាការ​ ក្នុង​ការ​បង្ហាញ​ព័ត៌​មា​ន​​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​ម្នាក់​ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​ក្នុង​ការ​តវ៉ា​​នៅ​ឆ្នាំ​នោះ​។ ​

​​ប្រភព​ដែល​ចូល​រួម​​​ក្នុង​​តុលាការ​ ​បាន​​និយាយ​​​ថា​ លោក​ វ៉ុង​ បាន​​ចូល​​រួម​​ក្នុង​​សវនាការ ​ប៉ុន្តែ​​មិន​​បាន​​និ​យា​យ​អ្វី​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​​​បើ​តាម​រ៉យទ័រ​ដដែល​ តុលាការ​​​មិន​​​បាន​​ប្រកាស​​សាល​ក្រម​​​ជា​​លាយ​លក្ខណ៍​អក្សរ​​ភ្លាម​ៗ​​​ទេ ​ដោយ​​គ្រាន់​តែ​​ចេញ​​សាល​ក្រម​​ផ្ទាល់​មាត់ប៉ុណ្ណោះ​។ ​ គួរ​បញ្ជាក់​ជា​ថ្មី​ លោក​ វ៉ុង​ បាន​​ទាក់​ទាញ​ការ​គាំទ្រ​ជា​អន្តរជាតិ​ចំពោះ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ហុងកុង​​ ដោយ​លោក​បាន​​ជួប​

ជាមួយ​អ្នក​នយោបាយ​មក​ពី​សហរដ្ឋ​អាមេរិក ​អឺរ៉ុប ​និង​​ប្រទេស​ផ្សេង​ៗ​ទៀត​ និង​​​ក៏​បាន​ទាក់​ទាញ​​កំហឹង​ផង​ដែរ​ពី​​ទីក្រុង​ប៉េកាំង​ ដែល​ហៅ​លោក​ថា​ជាតួអង្គ​បម្រើ​ការ​ឱ្យ​​បរទេស​។ ​ ​

លោក វ៉ុង​ ​​​គឺ​ជា​ឥស្សរជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ម្នាក់​ក្នុង​ចំណោម​ ៤៧ នាក់​ ដែល​រង​ការ​ចោទ​ប្រកាន់ពី​បទ​សម​គំនិត​ក្នុង​ការ​ធ្វើ​វិទ្ធង្សនា ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​​ហុងកុង​ ដែល​ដាក់​ចេញ​ដោយ​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​ ២០២០​។ ​រដ្ឋាភិបាល​លោក​ខាង​លិច​បាន​រិះ​គន់​ច្បាប់​នេះ​ ថា​ជា​ឧបករណ៍​មួយ​ដើម្បី​​​បង្រ្កាប​ក្រុម​ប្រ​ឆាំង​​ ប៉ុន្តែអា​ជ្ញាធរ​ចិន​ និង​ហុង​កុង​បាន​និយាយ​ថា​ វា​​ជា​ច្បាប់​ដែល​នាំ​មក​នូវ​​​ស្ថេរភាព​ដល់​ក្រុង​ ក្រោយ​​​ភាព​ចលាចល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ក្នុង​ឆ្នាំ​ ២០១៩​៕​

ប្រែសម្រួល៖ហួន ឌីណា

ads banner