អភិបាលរាជធានីភ្នំពេញ ជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តការងារឱ្យបានល្អ ក្នុងពិធីបុណ្យកាត់ឫសីមានៅវត្តព្រះបារមីវង្កតបុរី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀចំពិធីបុណ្យកាត់ឫសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី មានរយៈពេល ៣យប់ ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា ។
ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសីមា ។

ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។

ជាក់ស្តែងកាលពីសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញចុះ ពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណអធិបតី ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស ។

ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ ឯកឧត្តម ឃួងស្រេង បានជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃ២៤ មេសា សម្ដេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមា ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕


ដោយ ថេត វិចិត្រ+ហេង សម្បត្តិ