ប្រមុខការទូតកំពូល G7 ទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 បានធ្វើការអំពាវនាវសាជាថ្មីម្តងទៀត ឱ្យរុស្ស៊ីដកកងកម្លាំងទាំងអស់ចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សង្គ្រាមនៅអ៊ុយក្រែន គឺជាប្រធានបទសំខាន់មួយរបស់ក្រុមប្រមុខការទូតកំពូល G7 សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃទីពីររបស់ពួកគេ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា បានប្រាប់សមភាគីរបស់គាត់ថា វាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាឯកភាពក្នុងចំណោមប្រទេស G7 និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ចំពេលមានការឈ្លានពានដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី។

បន្ថែមលើនេះ លោក ហាយ៉ាស៊ី បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុស។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស G7 បានយល់ព្រមចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់រុស្ស៊ីពីការគេចវេសពីទណ្ឌកម្ម និងការទទួលបានសព្វាវុធពីភាគីទីបី ខណៈមានការព្រួយបារម្ភថា រុស្ស៊ីកំពុងស្វែងរកជំនួយយោធាពីចិន និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា (អ៊ីរ៉ង់)៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា