លោក ដូណាល់ ត្រាំ ៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងដួលរលំ ដោយសាររដ្ឋបាលលោក បៃដិន

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចរបស់ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ដែលអាចបំផ្លាញជំហររបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អង្គសន្និបាតសមាគមកាំភ្លើងជាតិ (NRA) នៅរដ្ឋ Indiana កាលពីសប្តាហ៍មុនថា រដ្ឋបាលលោក ចូ បៃដិន បានរុញច្រានសហរដ្ឋអាមេរិកឱ្យឈានទៅដល់ការដួលរលំ ជាមួយនឹងគោលនយោបាយបរទេស និងក្នុងស្រុករបស់ខ្លួន។

នៅពេលនិយាយអំពីមហិច្ឆតារបស់ខ្លួន សម្រាប់យុទ្ធនាការដណ្តើមតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ លោក ត្រាំ បានអះអាងថា សហហរដ្ឋអាមេរិកបានជួបរឿងរញ៉េរញ៉ៃ… សេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ ហើយអតិផរណាមិនអាចគ្រប់គ្រងបាន។

លោក ត្រាំ បន្ថែមថា ប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ ហើយរូបិយប័ណ្ណអាមេរិកនឹងលែងជាស្ដង់ដាររបស់ពិភពលោកក្នុងពេលឆាប់ៗនេះ ដែលនេះស្មើនឹងការបរាជ័យដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ២០០ឆ្នាំ។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបរាជ័យរបស់រដ្ឋបាលលោក បៃដិន ក្នុងវិស័យគោលនយោបាយការបរទេស បានធ្វើឱ្យរុស្ស៊ីរួមកម្លាំងជាមួយចិន រួមជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង ហើយឥឡូវនេះទីក្រុងមូស្គូ និងប៉េកាំងបានបង្កើតសម្ព័ន្ធភាពដែលគំរាមកំហែងដល់ពិភពលោក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner