ឥណ្ឌា និងរុស្ស៊ី ជួបពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរ

ឥណ្ឌា៖ យោងតាមការប្រកាសឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរុស្ស៊ីថា នៅ​ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ ឥណ្ឌា និងរុស្ស៊ីកំពុងពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)​​ហើយសេចក្តីប្រកាសនេះផងដែរបានធ្វើឱ្យទំនាក់ទំនងពា​ណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមលើទំនាក់ទំនងល្អដែលមានស្រាប់ ចាប់តាំងពីសង្គ្រាមនៅ​អ៊ុយក្រែនបានផ្ទុះឡើង។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កំពុងបង្ហាញពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែចុះសម្រុ​ងនឹងគ្នា បើទោះបីជាបណ្តាប្រទេសលោកខាងលិចអំពាវនាវឱ្យឥណ្ឌា ដកខ្លួនចេញពីរុស្ស៊ី ដោយសារតែរុស្ស៊ីបានធ្វើកា​រឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។​

គួរដឹងដែរថា កាលពី​ឆ្នាំមុន ការ​នាំ​ចូល​របស់​ឥណ្ឌា​ពី​រុស្ស៊ី បានកើនឡើងរហូតដល់ទៅច្រើនជាង​បួន​ដង ពោលគឺស្មើនឹងទំហំទឹកប្រាក់ ៤៦,៣៣ ប៊ី​លាន​ដុល្លារអាមេរិក ដោយការនាំចូលភាគច្រើនគឺជា​ប្រេង។​​ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ដេនីស ម៉ានធូរ៉ូវ (Denis Manturov) ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវដេលី (New Delhi) ថា ៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសទៅលើបញ្ហាដំណើរការនៃផ​លិតក​ម្ម​ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សាររបស់ប្រទេសយើងទៅវិញទៅមក»។រដ្ឋមន្ត្រីដដែលបន្តថា «តាមរយៈការធ្វើការជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Commission) យើងកំពុងទន្ទឹងរង់ចាំមើលការបង្កើនការចរចាបន្តទៀត ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា»។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក ចាយហ្សាងការ (S. Jaishankar) បានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ី ហើយលោកក៏បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសង្ឃឹមថាសហការីរបស់យើងនឹងលើកយករឿងនេះមកដោះស្រា​យជាអាទិភាព ព្រោះយើងជឿថាវានឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកាន់តែប្រសើរខ្លាំងឡើង»។

លោក ម៉ានធូរ៉ូវ បានរំលេចដែរថា សម្ភារៈសំណង់ផ្លូវថ្នល់ និងឧបករណ៍ផ្សេងៗ ក៏ដូចជាសារធាតុគីមី ព្រមទាំងផ​លិតផលឱសថជាដើម កំពុងខ្វះខាត និងមានតម្រូវការខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ។ដូច្នេះហើយ លោកជឿថា វាគឺជាឱកាសស​ម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការបង្កើនការផ្គត់ផ្គង់របស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី។

ជាការកត់សម្គាល់ សេចក្ដីប្រកាសស្ដីពីការផ្ដួចផ្ដើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ បាន​ប្រព្រឹត្តទៅចំពេល​ដែល​ទីក្រុង​ញូវដេលី កំពុង​ចូលរួម​ក្នុង​កិច្ច​ពិភាក្សាស្ដីពីពាណិជ្ជកម្មសេរីជាមួយ​អង់គ្លេស សហភាព​អឺរ៉ុប និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រដូចគ្នា។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ រុស្ស៊ីបាននាំចូលផលិតផលរហូតដល់ទៅជាង ៥០០ មុខពីប្រទេសឥណ្ឌា ក្នុងនោះរួមមានរថយន្ត យន្តហោះ និងរថភ្លើងជាដើម ដោយហេតុថា ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់ទៅលើរុស្ស៊ី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យឧស្សាហកម្មស្នូលរបស់រុស្ស៊ី។​

លោក ម៉ានធូរ៉ូវ ក៏បានបញ្ជាក់ឱ្យដឹងដែរថា រុស្ស៊ីនឹងពិចារណាពង្រីកការប្រើប្រាស់រូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណរបស់បណ្ដាប្រទេសដែលជាមិត្តបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ប្រទេសឥណ្ឌាបានចាប់ផ្ដើមបង្កើនការប្រើប្រាស់រូបិយប័ណ្ណរូពី (Rupee) របស់ខ្លួនភ្លាមៗនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។​​

នៅក្នុងប្រវត្តិសាស្ត្រ រុស្ស៊ី ធ្លាប់ជាប្រទេសដែលផ្គត់ផ្គង់គ្រឿងសព្វាវុធ និងឧបករណ៍យោធាផ្សេងៗទៅកាន់ឥណ្ឌាច្រើនជាងគេបង្អស់ ហើយបច្ចុបន្ននេះ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំជាងគេបំផុតរបស់ឥណ្ឌា ពោលគឺបានជំនួសតំណែងប្រទេសអ៊ីរ៉ាក់កាលពីខែមុន។ គួររំឭកថា មុនពេល​សង្គ្រាម​ផ្ទុះឡើងក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២២ ឥណ្ឌា​បាន​ទិញ​ប្រេង​តិច​តួច​ណាស់​ពីប្រទេស​រុស្ស៊ី។​​​​

ចំពោះប្រទេសឥណ្ឌាវិញ លោក ចាយហ្សាំងការ បានប្រាប់ឱ្យដឹងថា អាជីវកម្មឥណ្ឌាអាចទាញយកអត្ថប្រយោជន៍ជាច្រើ​នពីបច្ចេកវិទ្យារបស់រុស្ស៊ី ហើយថាទីក្រុងញូវដេលី កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការកាត់បន្ថយបញ្ហានៃការទូទាត់បង់ប្រាក់ ការចេញវិញ្ញាបនប័ត្របញ្ជាក់ផ្សេងៗ និងបញ្ហាដឹកជញ្ជូនជាដើម៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ India, Russia talk free trade deal in step-up of relations

ads banner