អូស្ត្រាលី៖ ទំនាក់ទំនងជាមួយចិននឹងមិនប្រសើរឡើងដល់កម្រិតខ្ពស់បំផុតដូចកាលមុននោះទេ
កង់បេរ៉ា៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេនី វង់ (Penny Wong) បានលើកឡើងថា ប្រទេសអូស្ត្រាលីកំពុងខិតខំរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ប៉ុន្តែហាក់មិនអាចវិលត្រឡប់ដូចដើម ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច។ សម្រាប់អូស្ត្រាលី ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតអស់រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។
គួរដឹងដែរថា រយៈពេលប្រាំបួនឆ្នាំដែលរដ្ឋាភិបាលអូស្ត្រាលីត្រូវបានដឹកនាំដោយគណបក្សអភិរក្សនិយម ទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងចិនមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ប៉ុន្តែសញ្ញានៃភាពប្រសើរឡើងហាក់កំពុងចាប់ផ្ដើមកើតមាន បន្ទាប់ពីគណបក្សការងារ ដែលជាបក្សកណ្តាលឆ្វេងនិយមរបស់លោកស្រី វង់ បានជាប់ឆ្នោត និងដឹកនាំរដ្ឋាភិបាលកាលពីជិតមួយឆ្នាំមុន។
ជាក់ស្ដែង កិច្ចប្រជុំរវាងរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានបន្តរៀបចំឡើងវិញ ហើយប្រទេសចិនបានលុបចោលការរឹតបន្តឹងលើការនាំចូលធ្យូងថ្មរបស់អូស្ត្រាលី។ ម៉្យាងទៀត អូស្ត្រាលីក៏សង្ឃឹមថា របាំងពន្ធរយៈពេល ៣ ឆ្នាំដែលបានដាក់ទៅលើស្រូវសាឡីរបស់អូស្ត្រាលីនឹងត្រូវបានដកចេញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកស្រី វង់ បានរំលេចថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនអាចត្រលប់ទៅសភាពល្អប្រសើរខ្លាំងដូចកាលពីមុននោះទេ ពោលគឺលោកស្រីចង់សំដៅទៅកាន់អំឡុងពេលដែលនាយករដ្ឋមន្ត្រីអភិរក្សនិយម លោក ចន ហូវឺដ (John Howard) ដែលបានកាន់អំណាចចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧ ដោយកាលនោះ ពាណិជ្ជកម្មត្រូវបានបំបែកចេញពីរឿងនយោបាយ និងយុទ្ធសាស្ត្រអាទិភាពក្នុងតំបន់។
លោកស្រី វង់ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ៖ «ខ្ញុំច្បាស់ណាស់ថា យើងកំពុងស្វែងរកគ្រប់មធ្យោបាយដើម្បីទទួលបានទំនាក់ទំនងមួយដែលប្រកបដោយស្ថិរភាព។ ប៉ុន្តែ ខ្ញុំគិតថាប្រទេសទាំងពីរបានដឹងយ៉ាងច្បាស់ថា យើងមិនអាចត្រលប់ទៅកាន់ទំនាក់ទំនងដូចកាលពី ១៥ ឆ្នាំមុននោះទេ»។
លោកស្រីបានបន្ថែមថា ៖ «ក្នុងអំឡុងសម័យកាលរបស់លោក ហូវឺដ អ្នកអាចមានទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយសហរដ្ឋអាមេរិក ហើយមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ដោយពិភពលោកនៅដាច់ដោយឡែកពីគ្នា។ ប៉ុន្តែ បច្ចុប្បន្ននេះ យើងមិនអាចរស់នៅក្នុងពិភពលោកបែបនោះទៀតនោះទេ»។
គួររំឭកដែរថា ប្រទេសចិនបានដាក់របាំងពាណិជ្ជកម្មទាំងផ្លូវការ និងក្រៅផ្លូវការជាបន្តបន្ទាប់ទៅលើការនាំចេញរបស់អូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីរដ្ឋាភិបាលក្នុងអាណត្តិមុនដែលបានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ តាមរយៈការអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើមូលហេតុ និងទំនួលខុសត្រូវទៅលើជំងឺរាតត្បាតកូវីដ១៩។
ខណៈដែលម្ចាស់ធុរកិច្ចអូស្ត្រាលី និងក្រុមមេដឹកនាំរដ្ឋាភិបាលកំពុងទន្ទឹងរង់ចាំប្រទេសចិនដកចេញរបាំងពាណិជ្ជកម្ម ក្នុងនោះរួមមាន ស្រា ឈើប្រណិត និងអាហារសមុទ្រជាដើម លោកស្រី វង្ស ឯណោះវិញ បានចង្អុលបង្ហាញថា «ការធ្វើពិពិធកម្មទៅកាន់ទីផ្សារផ្សេងទៀត គឺជាជម្រើសដ៏ឆ្លាតវៃបំផុតដែលយើងត្រូវធ្វើ»។
ទោះយ៉ាងក្តីលោកស្រីបញ្ជាក់ថា ៖ «បើទោះបីជាបង្កើនការធ្វើពិពិធកម្មទីផ្សារក៏ដោយ ប្រទេសចិននឹងនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី សម្រាប់ថ្ងៃអនាគត និងជាប្រភពនៃវិនិយោគបរទេសដ៏មានសក្ដានុពល ដែលវាបានឆ្លើយតបនឹងផលប្រយោជន៍ជាតិរបស់យើង»។
លោកស្រីក៏បានយល់ស្របជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលថាអាមេរិកត្រូវការបង្កើតបណ្តាញទំនាក់ទំនងណាមួយចិន ដើម្បីកាត់បន្ថយហានិភ័យនៃការយល់ច្រឡំណាមួយកើតឡើង និងការគិតខុសផ្នែកយោធា ដូចដែលធ្លាប់បានបង្កើតឡើងក្នុងអំឡុងពេលសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។
«លោកប្រធានាធិបតី បៃដិន បានស្នើទៅកាន់ប្រទេសចិន ដើម្បីឈានឆ្ពោះទៅរកការយល់ព្រមលើការបង្កើតវិធីសាស្ត្របង្ការមួយដែលវានឹងផ្ដល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល ប្រសិនបើសំណើរបស់លោក បៃដិន ទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់លោកស្រី វង់។
លោកស្រីបានសង្កត់ធ្ងន់ថា «ខ្ញុំបាននិយាយអំពីរឿងនេះទៅកាន់សមភាគីចិន និងទៅកាន់អ្នកកាន់តំណែងមុនៗរបស់គាត់។ ហើយខ្ញុំនឹងនៅតែបន្តនិយាយអំពីបញ្ហានេះ»។ ការលើកឡើងនេះ លោកស្រី វង្ស ចង់សំដៅទៅលើរដ្ឋមន្ត្រីការបរទេសចិនបច្ចុប្បន្ន លោក ឈីន កាង (Qin Gang) និងអតីតរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Australia says Chinese relations won’t improve to past highs