ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ និងសុខភាព ដើម្បីគៀងគរប្រមូលថវិការ ចូលរួមក្នុងមូលនិធិគន្ធាបុប្ផា

អត្ថបទដោយ៖
Kien Sereyvuth

តាមរយៈនៃចលនាជិះកង់ ដើម្បីមនុស្សធម៌ និងសុខភាព ថវិកាជាង ៩ម៉ឺន៥ពាន់ដុល្លា ត្រូវបានត្រៀមបរិច្ចាគចូលក្នុងមូលនិធិគាន្ធបុប្ផា  ដោយមានអ្នកចូលរួមប្រមាណជាង១០០នាក់ ចូលរួមក្នុងចលនាជិះកង់ដើម្បីមនុស្សធម៌ និងសុខភាព ។  ព្រឹត្តការណ៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩  ដោយមានការសហការគាំទ្រដោយអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ហើយអ្នកស្ម័គ្រចិត្តចូលរួមជិះកង់ដើម្បីចលនានេះ មានមន្រ្តីក្រោមចំណុះក្រសួងសាធារណៈការ   មន្រ្តី-បុគ្គលិកមកពីបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត  ស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្វីបន្ថែមពីលើនេះដែលគួរឲ្យកត់សម្គាល់នោះ គឺ ក្រុមចលនាយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។
ចម្ងាយផ្លូវនៃការជិះកង់នេះ មានប្រមាណជាជិត៣០គីឡូម៉ែត្រ ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលបានចេញដំណើរចេញពីមជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ឆ្ពោះទៅកាន់អង្គរធំ (ទៅតាមផ្លូវវង់តូច ) ឆ្លងកាត់ដងផ្លូវ និងទេសភាពដ៏ស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ រួមទាំងបានឃើញប្រាង្គប្រាសាទជាច្រើនកន្លែងផងដែរ ។
បើតាមការចាប់អារម្មណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល   ឯកឧត្តមបានបញ្ជាក់ថា   សុខភាពជាកត្តាចំបង វាជាចំណុចចាប់ ផ្តើម នៃការឆ្ពោះទៅរកគ្រប់សកម្មភាពការងារទាំងអស់  ។  ម៉្យាងទៀតការជិះកង់នេះ វាជាប្រភេទកីឡាម្យ៉ាង ក្នុងប្រភេទកីឡាជាច្រើនទៀត  ដែលវាបាននាំមកនូវលទ្ធផលវិជ្ជមាននៃសុខភាព  ហើយការជិះកង់ក្នុងតំបន់អង្គរ វានឹងកើតមានបន្ថែមទៀតនូវសុខភាពផ្លូវចិត្ត ។ ឯកឧត្តម ក៏បានបញ្ជាក់ឲ្យដឹងទៀតថា  ដើម្បីមនុស្សធម៌ នៃចលនាជិះកង់លើកនេះ  គឺសំដៅឆ្ពោះទៅរកការអំពាវនាវចូលរួម  ទទួលយកការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងបុព្វហេតុនៃជួយសង្គ្រោះជីវិត និងសង្គ្រោះសុខភាពកុមារកម្ពុជា តាមរយៈនៃមូលនិធិគន្ធបុប្ផា ។
ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណចំពោះអ្នកចូលរួម  ឯកឧត្តមក៏បានប្រកាសឲ្យដឹងដែរថា  កម្មវិធីជិះកង់នេះ ប្រមូលបានថវិកា សរុបចំនួន ជាង ៩ម៉ឺន៥ពាន់ដុល្លា ដែលនឹងត្រូវបាននាំយកទៅបរិច្ចាគជូនដល់មូនិធិគន្ធបុប្ផា ។ ឯកឧត្តមបានឲ្យដឹងដែថា  យ៉ាងណាក៏ដោយ ក៏សូមអរគុណចំពោះមន្រ្តី-បុគ្គលិក មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត  បើទោះជាមិនបានចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ  តែក៏បានផ្ញើទឹកចិត្ត តាមរយៈនៃការចូលរួមថវិកាផងដែរ  ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner