ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យសរុប ១០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ក្នុងទិវា ៨ ឧសភា ឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយលោកជំទាវ សម្តេចវិបុលបញ្ញា សុខ អាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។

នៅក្នុងព្រះរាជសារលិខិតនៅថ្ងៃទី១៨មេសា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ជាមួយគ្នានេះដែរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ ផងដែរ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ក្នុងព្រះរាជសារលិខិត ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមវាយតម្លៃខ្ពស់ និងកោតសរសើរជាទីបំផុតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗជូនជាតិមាតុភូមិ និងប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយ និងសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ តែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តមនេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស ។

ទន្ទឹមនឹងឱកាសប្រគល់ជូនព្រះរាជសារលិខិត និងព្រះរាជទ្រព្យ របស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ផងដែរ ។

ក្នុងឱកាសនេះដែរ ក៏មានសប្បុរសជនមួយចំនួនទៀត បានចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner