ទំនុកចិត្តផ្នែកឧស្សាហកម្មរបស់ប្រទេសថៃល្អប្រសើរឡើងវិញ ក្នុងខែមីនា ឆ្នាំ២០២៣
បាងកក៖ ទិន្នន័យបានបង្ហាញឱ្យដឹងនៅថ្ងៃទី១៩ ខែមេសាថា នៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ទំនុកចិត្តផ្នែកឧស្សាហកម្មរបស់ប្រទេសថៃបានល្អប្រសើរឡើងវិញ ខណៈដែលវិស័យទេសចរណ៍ក៏កំពុងបន្តស្ទុះងើបឡើងវិញផងដែរ។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា សន្ទស្សន៍អារម្មណ៍ឧស្សាហកម្មថៃ (TISI) បានកើនឡើងដល់ ៩៧.៨ កាលពីខែមុន បើធៀបនឹងខែកុម្ភៈ ៩៦.២ ដែលប្រការនេះបានកត់សម្គាល់ពីការវិលត្រឡប់មកកម្រិតមុនផ្ទុះជំងឺរាតត្បាត។
ជាមួយគ្នានេះ អគ្គលេខាធិការរងសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក សូរ៉ាខីត ម៉ានប៊ូផាឆាទី បានបញ្ជាក់ថា តួលេខខែមីនាឆ្នាំនេះបានស្ទុះឡើង ក៏ដោយសារតែការកើនឡើងតម្រូវការ សម្រាប់ផលិតផលឧស្សាហកម្ម, ការកើនឡើងនៃការមកដល់របស់ជនបរទេស និងវិធានការរបស់រដ្ឋាភិបាល ក្នុងការគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក។
លោក សូរ៉ាខីត បានប្រាប់សន្និសីទសារព័ត៌មានថា ទោះជាយ៉ាងណាក៏ដោយ សហគ្រិនមានការព្រួយបារម្ភអំពីតម្លៃផលិតកម្មខ្ពស់ ជាពិសេសវត្ថុធាតុដើម និងតម្លៃអគ្គិសនី ដែលនៅតែមានការប្រែប្រួល។
លោកថា ការធ្លាក់ចុះតម្រូវការពីក្រៅប្រទេស ដែលស្របតាមការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ហើយការប្រែប្រួលរបស់ប្រាក់បាត គឺជាកត្តាហានិភ័យសម្រាប់ការនាំចេញរបស់ប្រទេសថៃ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា