ក្រសួងកសិកម្ម នឹងបង្កើតមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិ ជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ

ភ្នំពេញ៖ ប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោងដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ នាទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំឭក និងណែនាំអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ មន្ទីរពិសោធន៍ នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយ ដើម្បីភាពងាយស្រួល ។

បើតាម ឯកឧត្តមរដ្ឋមន្ដ្រី គម្រោងមន្ទីរពិសោធន៍ថ្មីស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ជូនអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យកសិកម្ម។

ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅបានរលូន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអង្គប្រជុំ បង្កើតក្រុមការងារមួយ ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍/សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

ចំណែកការចំណាយ ត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព និងនិរន្តរភាពការធ្វើពិសោធន៍។ មួយវិញទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស ៕ ប្រភព៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner