អ.ស.ប ព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នាពាក់កណ្តាលឆ្នាំ២០២៣នេះ
អ.ស.ប៖ អង្គការសហប្រជាជាតិបានប្រកាសថា ឥណ្ឌាកំពុងដើរលើផ្លូវក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ដោយនឹងវ៉ាដាច់ប្រទេសចិន នាពាក់កណ្តាលឆ្នាំ២០២៣នេះ។
មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមេសាថា ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៤២៨៦ពាន់លាននាក់គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។ តួលេខនេះកើនឡើង២.៩លាននាក់ បើធៀបនឹងប្រជាជនចិនចំនួន ១.៤២៥៧ពាន់លាននាក់។
អង្គការសហប្រជាជាតិបានព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងដល់ ១.៦៦៨ពាន់លាននាក់ក្នុងឆ្នាំ២០៥០។ របាយការណ៍ដដែលនេះ ក៏បានឱ្យដឹងផងដែរថា ចំនួនប្រជាជននឹងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអេហ្ស៊ីប អេត្យូពី នីហ្សេរីយ៉ា តង់ហ្សានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ាគីស្ថាន និងហ្វីលីពីន ហើយចំនួនប្រជាជនប្រទេសទាំងអស់នេះរួមបញ្ចូលគ្នា ទំនងជារ៉ាប់រងប្រមាណពាក់កណ្តាល នៃចំនួនប្រជាជននៅលើពិភពលោកនៅក្នុងឆ្នាំ២០៥០។
ម៉្យាងវិញទៀត របាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា ពីរភាគបីនៃមនុស្សនៅលើភពផែនដី បាននិងកំពុងរស់នៅក្នុងតំបន់ដែលមានកូនទាប។ របាយការណ៍នេះបានលើកឡើងពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រជាសាស្រ្ត ដោយចំនួនប្រជាជនកើនឡើងនៅក្នុងតំបន់មួយចំនួន និងការថយចុះនៅក្នុងតំបន់ផ្សេងទៀត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

