សម្តេចតេជោ ហ៊ុន សែន៖ ការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀត ដែលយើងត្រូវប្រុងប្រយ័ត្ន

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀត ដែលយើងត្រូវប្រុងប្រយ័ត្ន។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរយើងមានពាក្យនិយាយថា ឆ្លងវាល៣ ហើយយើងបានឆ្លងកាត់វាល២ រួចទៅហើយ ដោយក្នុងនោះវាលទី១- គឺសង្គ្រាម យើងបានឆ្លងកាត់រួចហើយ, វាលទី២-គឺវាលនៃភាពអត់ឃ្លានដែលយើងបានឆ្លងកាត់រួចហើយ និងវាលទី៣-គឺវាល នៃការឆ្លងរាលដាលមេរោគជំងឺឆ្លង ដែលវាលនេះ ពិតជាមិនអាចនឹងឆ្លងផុតនោះទេ ព្រោះការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀតដែលយើងត្រូវប្រុងប្រយ័ត្ន ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួនអាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បាន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីថា ប្រសិនបើប្រជាពលរដ្ឋ និងសាធារណជន ចង់ទទួលបានព័ត៌មានបានលឿន រហ័ស គឺចុចចូល Channel តេឡេក្រាមរបស់សម្ដេចផ្ទាល់ ដែលបច្ចុប្បន្ននេះ មានអ្នកចុចចូលក្នុង Channel សម្ដេច មានជិត ៧០ម៉ឺននាក់រួចទៅហើយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner