ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសជាង ១.៨១លាននាក់ ក្នុងខែមីនា ឆ្នាំ២០២៣
តូក្យូ៖ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា ឆ្នាំ២០២៣ ដោយបានងើបឡើងវិញប្រហែលពីរភាគបី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ១៩។

អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានប៉ាន់ប្រមាណថា ភ្ញៀវទេសចរណ៍បរទេសជាង ១.៨១លាននាក់បានធ្វើដំណើរមកកាន់ប្រទេសជប៉ុនកាលពីខែមុន (ខែមីនា) កើនឡើង ២៣ភាគរយ បើធៀបនឹងខែកុម្ភៈ។ មន្ត្រីជប៉ុនបាននិយាយថា ផ្កាសាគូរ៉ាគឺជាគោលដៅទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរ ខណៈដែលការមកដល់នៃភ្ញៀវទេសចរមកពីប្រទេសចិន បានកើនឡើងទ្វេដងពីមួយខែទៅមួយខែ។ អ្នកដំណើរជនជាតិចិនរ៉ាប់រង ៣០ភាគរយនៃចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ២០១៩។

ជាមួយគ្នានេះ ទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) បានចេញផ្សាយរបាយការណ៍ប៉ាន់ប្រមាណបឋមថា ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់ចំនួន ១.០១ទ្រីលានយ៉េន ឬប្រហែល ៧.៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុន ចាប់ពីចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៣។ តួលេខនេះនៅតែធ្លាក់ចុះ ១១.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ប៉ុន្តែទីភ្នាក់ងារនេះ បាននិយាយថា ការចាយវាយរបស់ភ្ញៀវទេសចរបាននិងកំពុងបន្តកើនឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅជំរុញសន្ទុះនៃការចាយវាយប្រចាំឆ្នាំដល់ ៥ទ្រីលានយ៉េន ឬប្រហែល ៣៧ពាន់លានដុល្លារឱ្យឆាប់តាមដែលអាចធ្វើទៅបាន ខណៈតួលេខនេះខ្ពស់ជាងកម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ១៩៕





ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា