រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ រិះគន់ចិនដោយឥតសំចៃមាត់ បន្ទាប់ពីដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង

បែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា ប៊ែបូក (Annalena Baerbock) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានធ្វើការពណ៌នាអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះថាជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ហើយបានវាយតម្លៃថា ទីក្រុងប៉េកាំងកំពុងក្លាយជាគូបដិបក្ខ ជាជាងដៃគូពាណិជ្ជកម្ម និងដៃគូប្រកួតប្រជែង។

ការរិះគន់ដោយឥតសំចៃមាត់របស់លោកស្រី បានធ្វើឡើងបន្ទាប់ពីលោកស្រី ប៊ែបូក បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ហើយលោកស្រីបានព្រមានយ៉ាងខ្លាំងៗថា ការប៉ុនប៉ងណាមួយដោយប្រទេសចិនដើម្បីគ្រប់គ្រងតៃវ៉ាន់គឺជារឿងដែលមិនអាចទទួលយកបាននោះទេ។ នេះក៏ដោយសារតែកន្លងមក ទីក្រុងប៉េកាំងតែងតែអះអាងថា កោះតៃវ៉ាន់ដែលមានប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ហើយថាចិននឹងប្រើប្រាស់កម្លាំងយោធាដើម្បីវាយយកកោះមួយនេះមកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រសិនបើស្ថិតក្នុងកាលៈទេសៈចាំបាច់។

លោកស្រី ប៊ែបូក ក៏បានរំលេចឡើងដែរថា ប្រទេសចិនចង់ធ្វើអ្វីទៅតាមមូលដ្ឋានច្បាប់របស់ខ្លួន ដោយបោះបង់សណ្ដាប់ធ្នាប់មួយដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ ដោយឡែក ទីក្រុងប៉េកាំងវិញ បានស្នើឱ្យអាល្លឺម៉ង់គាំទ្រការបង្រួបបង្រួមតៃវ៉ាន់ជា​មួយចិន ហើយថា ចិន និងអាល្លឺម៉ង់មិនមែនជាសត្រូវនឹងគ្នាទេ ប៉ុន្តែជាដៃគូនឹងគ្នា។

ថ្លែងនៅក្នុងសភាជាន់ទាបអាល្លឺម៉ង់កាលពីថ្ងៃពុធ អំពីដំណើរទៅកាន់ប្រទេសចិន លោកស្រីបានថ្លែងថា «រឿងខ្លះពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន»។ យ៉ាងណាក៏ដោយ លោកស្រី​មិន​បាន​បញ្ជាក់​លម្អិត​ថាជារឿងអ្វីនោះទេ បើ​ទោះ​ជា​ការ​លើក​ឡើងនេះត្រូវបានធ្វើឡើង​បន្ទាប់​ពី​លោកស្រី​បាន​ពណ៌នា​ថា ​ប្រទេស​ចិន​កាន់តែបង្កើន​ការ​គាប​សង្កត់​នៅផ្ទៃខាងក្នុងប្រទេស ​និងកាន់តែបង្ហាញឫកពាកោងកាចនៅ​លើឆាកអន្តរជាតិ។

សម្រាប់ប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះបានយល់ឃើញថា ប្រទេសចិនគឺជាដៃគូប្រកួតប្រជែង​ និងជាគូបដិបក្ខ ប៉ុន្តែការចាប់អារម្មណ៍របស់លោកស្រីនាពេលបច្ចុប្បន្ននេះគឺថា ចិនហាក់កំពុងក្លាយជាគូបដិបក្ខខ្លាំងទៅៗ មិនមែនជាដៃគូប្រកួតប្រជែងនោះទេ។ លោកស្រី បានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែនេះមិនមែនមានន័យថា ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់នោះទេ។

លោកស្រី ប៊ែបូក បានមានប្រសាសន៍ថា «រដ្ឋាភិបាលអាល្លឺម៉ង់ចង់ធ្វើការជាមួយចិន ប៉ុន្តែមិនចង់ប្រព្រឹត្តកំហុសដែលធ្លាប់កើតមានឡើងនៅអតីតកាលនោះទេ ឧទាហរណ៍ដូចជា ផ្នត់គំនិតនៃការផ្លាស់ប្តូរតាមរយៈពាណិជ្ជកម្ម ពោលគឺផ្នត់គំនិតដែលថា លោកខាងលិចអាចសម្រេចបាននូវការផ្លាស់ប្តូរបរិបទនយោបាយពីរបបផ្តាច់ការបានតាមរយៈការធ្វើពាណិជ្ជកម្ម»។

លោកស្រីបានបន្ថែមថា «ប្រទេសចិនមានទំនួលខុសត្រូវក្នុងការឈានឆ្ពោះទៅរកសន្តិភាពសម្រាប់ពិភពលោក ជាពិសេសការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រីក៏បានសម្ដែងការស្វាគមន៍ចំពោះការសន្យារបស់ទីក្រុងប៉េកាំងដែលថានឹងមិនផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ីនោះទេ ប៉ុន្តែលោកស្រីបានបញ្ជាក់បន្ថែមថា ទីក្រុងប៊ែរឡាំងនឹងរង់ចាំមើលថាតើការសន្យានេះអាចអនុវត្តទៅបានឬក៏យ៉ាងណា។

គួរដឹងដែរថា ផ្ទុយទៅនឹងគោលនយោបាយរបស់អតីតអធិការបតីអាល្លឺងម៉ង់ លោកស្រី អេនជេឡា ម៉េកែល (Angela Merkel) រដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្នដែលដឹកនាំដោយលោក អូឡាហ្វ ស្កូល្ស (Olaf Scholz) បាននិងកំពុងបង្កើតយុទ្ធសាស្រ្តថ្មីមួយដើម្បីប្រឈមជាមួយចិន និងដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ ដោយសារតែចិនគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ទំនិញអាល្លឺម៉ង់ជាច្រើន។

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters Germany’s foreign minister: Parts of China trip ‘more than shocking’

ads banner