ក្រសួងអប់រំ និងអង្គការដៃគូកំពុងពង្រឹងការអនុវត្តកម្មវិធីបំណិនជីវិតនៅតាមមូលដ្ឋាន

អត្ថបទដោយ៖
CPA

ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាជាមួយអង្គការរូមធូរីដ កំពុងរៀបចំពង្រឹងការអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជួយទៅដល់សិស្សអាចដើរទាន់សម័យកាល ខណៈដែលអ្នកឃ្លាំមើលសង្គម ចង់ឃើញការអនុវត្តកម្មវិធីបំណិនជីវិតនេះ ប្រកបដោយនិរន្តរភាព។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ ខែមេសានេះ បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយមានការធ្វើបទបង្ហាញ សម្រាប់សិស្សស្រីពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលបង្រៀនដោយបុគ្គលិកអង្គការរូមធូរីដកម្ពុជា (Room to Read Cambodia) ក្នុងភាពជាដៃគូជាមួយសាលារៀន រួមមាន ជំនាញជឿជាក់លើខ្លួនឯង ជំនាញការគ្រប់គ្រងអារម្មណ៍ ជំនាញការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនង។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍ ដល់ភាគីពាក់ព័ន្ធ ត្រូវស្រង់គំនិតសំខាន់ៗនៅក្នុងសៀវភៅរួមមួយ ដែលជាសៀវភៅណែនាំ ឬក៏ជាវិធីសាស្រ្តបង្រៀន ដោយផ្ដោតទៅលើបញ្ហាក្នុងការលើកកម្ពស់បំណិនជីវិត សតវត្សរ៍ទី២១ ហើយជ្រើសរើសជាប្រធានបទក្នុងការយកទៅអនុវត្តបំណិនជីវិតនៅតាមមូលដ្ឋានឱ្យបានសមស្រប។

ទាក់ទិននឹងរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សម្រាប់វិស័យអប់រំ ការបញ្ជូលកម្មវិធីបំណិនជីវិត ចាប់ពីបឋមសិក្សា និងកម្រិតមធ្យមសិក្សា គឺវាជាគោលការណ៍គ្រឹះសំខាន់ សម្រាប់ឱ្យពួកគាត់អាចដឹកនាំជីវិតបានល្អ ហើយប្រសិនជាមិនបានបញ្ចូលកម្មវិធីទាំងអស់នេះទេ នោះមូលដ្ឋានគ្រឹះខាងក្រោមនឹងមិនបាននៅជាប់ជាមួយខ្លួនពួកគាត់ឡើយ។ តាមសង្កេតរបស់លោកឃើញថា នាពេលបច្ចុប្បន្ននេះ គឺយុវជនខ្មែរ ដូចជាមិនសូវខ្វល់អំពីសីលធម៌សង្គម និងបំណិនជីវិតនោះទេ ដោយធ្វើសកម្មភាពរិះគន់តាមគ្នា ខណៈដែលខ្លួនឯងមិនបានចូលរួមធ្វើសកម្មភាពដើម្បីឱ្យសង្គមបានល្អទេ។

លោកបន្តថា ដូចជា ការចោលសំរាម ឫកាក់សំណល់ពាសវាលពាសកាលដោយមិនបានវិចខ្ចប់ឱ្យបានល្អ ការមិនគោរពច្បាប់ចរាចរណ៍ ការប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងការមានអារម្មណ៍ប្រតិកម្មអីដោយមិនមានហេតុផលជាដើម។

លោក យង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹងទាំងអស់ហ្នឹង ដោយសារការអប់រំនៅបឋម និងនៅមធ្យម គឺមិនបានបញ្ជូននូវជំនាញបំណិនជីវិតដែលក្រសួងអប់រំគិតគូនេះ។ ហើយជាទស្សនៈខ្ញុំ គឺគាំទ្រ និងឱ្យមានការបណ្ដុះបណ្ដាលឱ្យបានពិតប្រាកដ និងមាននិរន្តរភាព»។
ប៉ុន្តែអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា ការអនុវត្តកម្មវិធីបំណិនជីវិតនៅតាមមូលដ្ឋាន គួរតែអនុវត្តចាប់ពីកម្រិតមធ្យមសិក្សាឡើងទៅ ដោយលើកឡើងថា សម្រាប់បឋមសិក្សា គឺវាមិនសូវល្អប៉ុន្មានទេ។ អ្នកស្រីថា៖« ពីព្រោះបើនិយាយពីកម្រិតបឋមសិក្សានេះ កុមារា កុមារី កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល ហេតុនេះបើសិនជាចាប់ពីកម្រិតមធ្យមសិក្សាទៅ គឺវាល្អ និងត្រឹមត្រូវជាង»។ ជាមួយគ្នានេះ អ្នកស្រីថា ក្នុងកម្រិតមធ្យមសិក្សា ក្រសួងអប់រំក៏គួរតែបញ្ជូលជំនាញវិជ្ជាជីវៈណាមួយ រួមជាមួយកម្មវិធីបំណិនជីវិតនេះផងដែរ ពីព្រោះនៅពេលសិស្សានុសិស្ស បញ្ចប់មធ្យមសិក្សា ពួកគាត់អាចមានជំនាញក្នុងការរកប្រាក់ចំណូល និងប្រើប្រាស់បានសម្រាប់ចិញ្ចឹមជីវិតតែម្ដង។

អ្នកស្រី អ៊ុក ឆាយ៉ាវី ថា៖ «យើងត្រូវមើលកម្ពុជាពីភាពរីកចម្រើនទៅមុខប៉ុន្មានឆ្នាំទៀត តើគាត់អាចសមស្របមានជំនាញអ្វី? ប៉ុន្តែបើសិនជាបង្រៀនតែប្រយោលៗ អ៊ីចឹងគាត់ស្ទើរគ្រប់ទាំងអស់ ដែលបានន័យថាអត់មានជំនាញអីមួយ ដែលឱ្យគាត់អាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត»។

សូមជម្រាបថា តាមរយៈគម្រោងអនុវត្តកម្មវិធីបំណិនជីវិត បានបង្កើតគណៈកម្មការគ្រប់គ្រង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន និងគណៈកម្មការបច្ចេកទេសដឹកនាំដោយអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ សម្របសម្រួលដោយនាយកដ្ឋានបឋមសិក្សា ដើម្បីរៀបចំសេចក្ដីណែនាំអនុវត្តកម្មវិធី ដោយពិនិត្យមើលឯកសារដែលមានស្រាប់ គំរូ និងបទពិសោធការអនុវត្តរបស់ដៃគូផ្សេងៗ៕
ដោយ:ជា សុខនី

ads banner