រុស្ស៊ី ៖ ការផ្ដល់ជំនួយ យោធា ដល់អ៊ុយក្រែន នឹង បង្ហាញពី ការជាប់ពាក់ព័ន្ធ ក្នុងជម្លោះ របស់ កូរ៉េខាងត្បូង


មូស្គូ: វិមានក្រឹមឡាំងរបស់រុស្ស៊ី បាននិយាយកាលពី ថ្ងៃ ពុធ ថាការសម្រេចចិត្តណាមួយ របស់កូរ៉េខាងត្បូង ក្នុងការផ្គត់ផ្គង់ អាវុធ ដល់ អ៊ុយក្រែន នឹង ធ្វើ ឱ្យ ទីក្រុង សេអ៊ូល ជាប់ពាក់ ព័ន្ធ ក្នុង ជម្លោះ នេះ។
ការ លើក ឡើង បែប នេះ ធ្វើ ឡើង បន្ទាប់ ពី ប្រធានាធិបតី កូរ៉េខាង ត្បូង លោក យូន ស៊កយល បាន បង្ហាញ ជំហរ ពី លទ្ធភាព ដែល ប្រទេសរបស់ លោក អាច ផ្ដល់ ជំនួយ សព្វាវុធ ដល់ អ៊ុយក្រែន លើស ពី ជំនួយ មនុស្ស ធម៌ និង សេដ្ឋកិច្ច ដើម្បី ប្រឆាំង នឹង ការ ឈ្លាន ពាន របស់ រុស្ស៊ី ដែល បន្ត អូស បន្លាយ អស់ រយៈ ពេល ជាងមួយឆ្នាំ មក នេះ ។
អ្នក នាំ ពាក្យ វិមាន ក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាន ប្រាប់ អ្នក យក ព័ត៌មាន នៅ ក្នុង សន្និសីទ ខ្លី មួយ នៅ ទីក្រុង មូស្គូ កាល ពី ថ្ងៃ ពុធ ថា៖ « ជា អកុសល ទីក្រុង សេអ៊ូល បាន ប្រកាន់ ជំហរ អមិត្ត នៅ ក្នុង បញ្ហា(អ៊ុយក្រែន ) ទាំង មូល »។
លោក បន្ត ថា ៖ « ពួក គេ នឹង ព្យាយាម ទាក់ ទាញ ប្រទេស កាន់ តែ ច្រើន ឡើង ឱ្យ ពាក់ ព័ន្ធ ដោយ ផ្ទាល់ ក្នុង ជម្លោះ នេះ ។ ប៉ុន្តែ ជា ការ ពិត ណាស់ ការ ចាប់ ផ្តើម នៃ ការ ផ្គត់ ផ្គង់ អាវុធ នឹង មាន ន័យ ថា ជា ដំណាក់ កាល ជាក់ លាក់ នៃ ការ ពាក់ ព័ន្ធ នៅ ក្នុង ជម្លោះ នេះ»។
បន្ថែម ពី លើ លោក ប៉េស្កូវ អតីត ប្រធានាធិបតី រុស្ស៊ី លោក ឌ្មីទ្រី មេដវេដេវ (Dmitry Medvedev) ដែល ជា សម្ព័ន្ធ មិត្ត ប្ដូរ ផ្ដាច់ របស់ លោក ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឯ នោះ វិញ បាន លើក ឡើង ថា ទីក្រុង មូស្គូ អាច ឆ្លើយ តប ទៅ នឹង សកម្មភាព របស់ កូរ៉េខាង ត្បូង ដោយ ការ ផ្គត់ ផ្គង់ អាវុធ ទំនើប ដល់សត្រូវ របស់ ប្រទេស នេះ ពោល គឺ កូរ៉េ ខាង ជើង ។
លោក មេដវេដេវ បាន ថ្លែង យ៉ាង ដូច្នេះ នៅ លើ បណ្ដាញ តេឡេក្រាម ថា ៖ « ខ្ញុំ ឆ្ងល់ ថា តើ ប្រជាជន នៃ ប្រទេស នេះ [ កូរ៉េ ខាង ត្បូង ] នឹង និយាយ អ្វី នៅ ពេល ពួក គេ ឃើញ អាវុធ រុស្ស៊ី ទំនើប ចុង ក្រោយ បំផុតស្ថិត នៅ ក្នុង ដៃ របស់ ប្រទេស ជិត ខាង បំផុត របស់ ខ្លួន ពោល គឺ ដៃគូ របស់ យើង មក ពី សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ (កូរ៉េខាងជើង)?»។
គួរ បញ្ជាក់ ថា ក្នុង បទ សម្ភាសន៍ ជាមួយ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ផ្ដាច់ មុខ ដែល ចេញ ផ្សាយ កាល ពី ថ្ងៃ ពុធ មេ ដឹក នាំ កូរ៉េ ខាង ជើង លោក យូន បាន ថ្លែង ថា ការ ផ្គត់ ផ្គង់ អាវុធ ដល់ អ៊ុយក្រែន អាច នឹង កើត ឡើង ក្នុង លក្ខខណ្ឌ ដែល មាន ការ វាយ ប្រហារ លើ ជន ស៊ីវិល ទ្រង់ ទ្រាយ ធំ ការ សម្លាប់ រង្គាល ឬ ការ រំលោភ បំពាន ធ្ងន់ ធ្ងរ នៃ ច្បាប់ សង្រ្គាម ។
ទោះ យ៉ាង ណា ក៏ ដោយ ដោយ សារ តែ ទំនាក់ ទំនង សេដ្ឋកិច្ច និង ឥទ្ធិពល របស់ ទីក្រុង មូស្គូ លើ កូរ៉េ ខាង ជើង លោក បាន គូស បញ្ជាក់ ថា ៖ « ដោយ ពិចារណា លើ ទំនាក់ ទំនង របស់ យើង ជាមួយ ភាគី ដែល ចូល រួម ក្នុង សង្គ្រាម និង ការ វិវត្តន៍ នៅ ក្នុង សមរ ភូមិ យើង នឹង ចាត់ វិធានការ សម ស្រប បំផុត » ។
គួរ រំឭក ថា នេះ ជា លើក ទី ១ ហើយ ដែល កូរ៉េខាង ត្បូង បញ្ចេញ ជំហរ លើ ឆន្ទៈ យ៉ាង ដូច្នេះ ព្រោះ កន្លង មក ប្រទេស នេះ បាន ច្រាន ចោល សំណើរ ផ្គត់ ផ្គង់ អាវុធទៅ អ៊ុយក្រែន ទោះ បី ជា ប្រទេស នេះ ថ្កោល ទោស ធ្ងន់ ៗ ដាក់ រុស្ស៊ី ចំពោះ ការ ឈ្លាន ពាន អ៊ុយក្រែន ក៏ ដោយ ៕
ប្រែសម្រួល: ហួន ឌីណា
ប្រភព ៖ Kremlin: South Korean arms for Ukraine would signify involvement in conflict

ads banner