ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចពាក់ពន្ធ័នឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេចពាក់ពន្ធ័នឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖
១.សេចក្តីសម្រេចស្តីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើស ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
២.សេចក្តីសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
៣.សេចក្តីសម្រេចស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង អរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
៤.លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (ទម្រង់ ១១១៨ ស) ចំនួន៥ ដែលក្នុងទម្រង់មានរាយឈ្មោះបេក្ខជនជាប់ឆ្នោត។
៥.របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)។

ជាបន្តទៀត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើកឯកសារដែល គ.ជ.ប ត្រៀមសុំចូលជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំងហៅកាត់ រ៉េសេហ្វ (RECEF)។ រ៉េសេហ្វ នឹងរៀបចំសិក្ខាសាលាបោះឆ្នោត និងសន្និបាតប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងបញ្ជូនតំណាង ១រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នោះ៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner