នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ចំពោះអ្នកដែលទើសចំពោះការដំឡើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា “ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬដំឡើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការដំឡើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍”។

ការលើកឡើងនេះ គឺបន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញតេឡេក្រាមថា “ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍នាថ្ងៃនេះ”។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា “ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការដំឡើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។ ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក។ ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង”៕
ដោយ៖ពលជ័យ

ads banner