កូនផ្សោតឈ្មោលមួយក្បាលអាយុប្រមាណ ៤ថ្ងៃ បានស្លាប់ ដោយសារការជាប់មងនេសាទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានពិនិត្យ និងវាយតម្លៃថា កូនផ្សោតឈ្មោលមួយក្បាលនៅខេត្តក្រចះ ដែលមានអាយុប្រមាណ៤ថ្ងៃបានស្លាប់ ដោយសារជាប់មងរបស់ប្រជានេសាទ ខណៈដែលមន្ត្រីអភិរក្ស កំពុងប្រឹងប្រែងធ្វើការជំរុញឱ្យប្រជានេសាទផ្លាស់ប្ដូរមុខរបរនេសាទរបស់ខ្លួន។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះថ្ងៃទី១៩ ខែមេសានេះ បានឱ្យដឹងថា តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) បង្ហាញថា កូនផ្សោតឈ្មោល ១ក្បាល ដែលបានស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ និងអាយុប្រមាណ ៤ថ្ងៃ។ កូនផ្សោតនេះ រកឃើញថាមានការរលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង ដោយសន្និដ្ឋានថា ស្លាប់ដោយសារជាប់មង ដែលស្ថិតនៅក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពដដែលបញ្ជាក់ថា៖ «បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែងរហូតដល់ក្បាលកោះទ្រង់ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត»។

ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការដៃគូពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តរអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមេគង្គនេះ។ ជាលទ្ធផលកន្លងមក ការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់ មានការថយចុះប្រមាណពី៥០ ទៅ៦០% ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការឆ្លៀតឱកាសប្រើ មង សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួន ដែលជាហេតុនាំឱ្យសត្វផ្សោតស្លាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផល បានអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់និង ថែរក្សាបន្ត។

ជុំវិញរឿងនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានឱ្យដឹងថា ក្នុងនាមជាអ្នកអភិរក្សជលផល គឺលោកពិតជាមានការបារម្ភជាខ្លាំង ខណៈដែលសត្វផ្សោតទន្លេមេគង្គ បានបន្តបាត់បង់ជាបន្តបន្ទាប់ ដោយសារបញ្ហាមងនេសាទរបស់ប្រជាពលរដ្ឋ។ លោកថា៖« ព្រោះផ្សោតនេះ ជាប្រភេទសត្វដែលកម្រ និងរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលផ្សោតកំពុងរស់នៅដូចជា កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសភូមា»។ លោកគូសបញ្ជាក់ថា ហេតុនេះបានជារដ្ឋាភិបាល ធ្វើការចាត់ថ្នាក់ជារតនសម្បត្តិមានជីវិត ដែលជាប្រភេទសត្វមានឈ្មោះថ្លៃថ្លាណាស់ ស្របពេលដែលការស្លាប់សត្វផ្សោតមួយៗ គឺស្ថាប័នពាក់ព័ន្ធមានការចាប់អារម្មណ៍ខ្លាំងណាស់ ដើម្បីគិតគូ និងស្វែងរកមូលហេតុនៃការស្លាប់។ ជាពិសេសគឺការស្វែងយុទ្ធសាស្ត្រថ្មីៗក្នុងការពារសត្វផ្សោត និងទប់ស្កាត់ការបាត់បង់សត្វផ្សោតឱ្យស្របទៅតាមសភាពការណ៍ជាក់ស្ដែង។

លោក អ៊ុក វិបុល ថា៖ «យើងព្រួយបារម្ភ និងតក់ស្លុត នៅពេលមានសត្វផ្សោតស្លាប់ម្ដងៗ យើងប្រឹងប្រែងដើម្បីរកវិធានការថ្មីៗ ប៉ុន្តែទន្ទឹមនោះបើប្រជាពលរដ្ឋនៅតែអត់យល់ នៅតែបន្តលួចដាក់មងជាបន្តទៅទៀត នោះវាពិបាកនឹងទប់ស្កាត់ឱ្យនៅសូន្យណាស់។ ពីព្រោះផ្សោតក៏នៅទីនោះ ត្រីក៏នៅទីនោះ ប្រជាពលរដ្ឋក៏នៅទីនោះ អ៊ីចឹងបញ្ហាប្រឈម គឺវាធំធេងណាស់»។

លោកបន្ថែមថា ខណៈដែលបានបាត់បង់កូនផ្សោតថ្មីនេះ ក្រុមការងារពាក់ព័ន្ធបានកំពុងព្យាយាមប្រឹងប្រែងលើការងារអាទិភាពការផ្លាស់ប្ដូរមុខរបររបស់ប្រជានេសាទ ពោលក្រៅពីការនេសាទឱ្យពួកគាត់ទៅធ្វើមុខរបរផ្សេង ដើម្បីកុំឱ្យដាក់សម្ពាធទៅលើសត្វផ្សោតដែលនៅសេសសល់។

សូមបញ្ជាក់ថា បើតាមការសិក្សារបស់រដ្ឋបាលជលផល និងអង្គការ WWF នៅឆ្នាំ២០២០ បានប៉ាន់ប្រមាណថា មានសត្វផ្សោតត្រឹមចំនួន៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងខេត្តក្រចះ និងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។ ហើយនៅដើមឆ្នាំ២០២៣នេះ សត្វផ្សោតទន្លេមេគង្គ បានស្លាប់ដោយសារជាប់មងនេសាទចំនួន ២ក្បាល ខណៈដែលក្នុងឆ្នាំ២០២២កន្លងមក មានចំនួនសត្វផ្សោតស្លាប់សរុបចំនួន ១១ក្បាល។ ប៉ុន្តែយ៉ាងណាមិញ នៅដើមឆ្នាំ ២០២៣ នេះ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីចំនួន ២ក្បាលផងដែរ៕ ដោយ៖ជា សុខនី

ads banner