អ្នកជំនាញយល់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម នឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជានិងវៀតណាមដោយយល់ថានឹងជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផ្នែកអាជីវកម្ម និងបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនផងដែរ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះមានសារៈសំខាន់ណាស់ ដែលនឹងជួយជំរុញកំណើនទំហំផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈកម្ពុជាកំពុងធ្វើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយភាគីឡាវ និងថៃ ថែមទៀត ស្រ​បនឹងទិសដៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ឧកញ៉ាបន្តថា៖«ការបើកធ្វើពាណិជ្ជកម្មតាមព្រំដែននេះ វាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជន អាជីវកម្មនៃប្រទេសទាំង២ ក្នុងការផ្លាស់ប្តូរទំនិញ ឆ្លងកាត់ទំនិញតាមច្រកព្រំដែន និងការបើកតំបន់សេដ្ឋកិច្ចពិសេសទៅតាមតំបន់ព្រំដែនហ្នឹងទាំងរួមគ្នាក៏បាន ដាច់ដោយឡែកក៏បាន» ។

ឧកញ៉ាបន្ថែមថា កាលណាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ នឹងជួយជំរុញសកម្មភាពគម្រោងដែលភាគីកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាស្រាប់ក៏ដូចជាបន្តគម្រោងផែន​ការផ្សេងៗទៀត ជាពិសេសអាចពង្រឹងកិច្ចសហការទ្វេភាគីតាមច្រកព្រំដែនកាន់តែមានប្រសិទ្ធភាព តួ​យ៉ាង កិច្ចអន្តរាគមន៍លើការបិទ-បើកច្រកព្រំដែន ដែលកន្លងមកមានការបិទដោយ​ឯកតោភាគីជាដើម។

ស្រដៀងគ្នានេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ជាពិសេសការធ្វើឯកសារតាមច្រកព្រំដែន ដែលនឹងបង្កភាពងាយស្រួល ចំណេញថវិកានិងពេលវេលា និងជំរុញផលិតកម្មរវាងប្រទេសជិតខាងគ្នានេះ។

លោកបញ្ជាក់បន្ថែមថា៖«កិច្ចព្រមព្រៀងនេះនឹងពង្រឹងផលិតកម្ម​ និងពាណិជ្ជកម្មរវាងប្រទេសជិតខាងគ្នាកាន់តែខ្លាំងក្លាឡើង ដូចដែលអ្វីដែលសហរដ្ឋអាមេរិកបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសម៉ិចសិចកូ និងកាណាដា ជាគំរូស្រាប់»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសាកន្លងទៅថ្មីៗនេះ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម​ ក្នុងសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។ រដ្ឋសភាបញ្ជាក់ថា ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម។

តាមរយៈសេចក្តីថ្លែងហេតុស្តីអំពីសេចក្តីព្រាងច្បាប់នេះ រដ្ឋសភាបានបញ្ជាក់ថា៖« កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាមនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើក កម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្ម គ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម»។

 កិច្ចព្រមព្រៀងនេះមានគោលបំណងធំបួន។ ទី១. ការបង្កើតក្របខណ្ឌគតិយុត្តនិងលកខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្មប្រទេសទាំង២។ ទី២. លើកកម្ពស់ជីវភាពប្រជាជនប្រទេសទាំង២ ដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ទី៣. ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិ​​វឌ្ឍប្រកបដោយចីរភាព។ ទី៤. បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាពសម្រាប់ប្រជាជនប្រទេសទាំង២។

គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមនេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ កិច្ចព្រមព្រៀងនេះនឹងត្រូវចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃខាងមុខ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner