ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ១១ភាគរយ ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែមេសានេះ

សេអ៊ូល៖ ទិន្នន័យការិយាល័យគយកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមេសា បានបង្ហាញឱ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ១១ភាគរយ បើធៀបនឹងឆ្នាំមុន មានទឹកប្រាក់ត្រឹម ៣២.៣៧ពាន់លានដុល្លារ នៅក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែមេសា ឆ្នាំ២០២៣។

ក្រៅពីការធ្លាក់ចុះការនាំចេញ ប្រទេសកូរ៉េខាងត្បូងក៏ជួបការនាំចូលថយចុះ ១១.៨ភាគរយផងដែរ មានទឹកប្រាក់ត្រឹម ៣៦.៥១ពាន់លានដុល្លារក្នុងរយៈពេល ២០ថ្ងៃនៃខែមេសានេះ ជាមួយនឹងឱនភាពពាណិជ្ជកម្ម ៤.១៤ពាន់លានដុល្លារ នេះបើយោងតាមសេវាគយកូរ៉េខាងត្បូង។ ការនាំចេញរបស់កូរ៉េខាងត្បូង បានបន្តធ្លាក់ចុះចាប់តាំងពីខែតុលាឆ្នាំមុន ចំពេលតម្រូវការសកលសម្រាប់ផលិតផលបច្ចេកវិទ្យាធ្លាក់ចុះ។

ការនាំចេញបន្ទះឈីប semiconductor បានធ្លាក់ចុះ ៣៩.៣ភាគរយក្នុងអំឡុងពេលពីថ្ងៃទី១ ដល់ ទី២០ ខែមេសានេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរក្សានិន្នាការធ្លាក់ចុះចាប់តាំងពីខែសីហាឆ្នាំមុន។

ការនាំចេញទៅកាន់ក្រៅប្រទេសសម្រាប់ទូរសព្ទដៃ និងផលិតផលប្រេងបានធ្លាក់ចុះជាង ២០ភាគរយ ប៉ុន្តែការនាំចេញរថយន្តបានកើនឡើង ៥៨.១ភាគរយ។ សមតុល្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតនៅក្នុងពណ៌ក្រហម ចាប់តាំងពីខែមីនាឆ្នាំមុន ស្របពេលដែលការនាំចេញបន្តធ្លាក់ចុះ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner