តុលាការឥណ្ឌា ច្រានចោលសំណើសុំព្យួរទោសរបស់លោក ហ្កានឌី សមាជិកគណបក្សប្រឆាំង
ឥណ្ឌា៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តុលាការឥណ្ឌាបានធ្វើការច្រានចោលសំណើរបស់ឥស្សរជនមកពីគណបក្សប្រឆាំង លោក រ៉ាហ៊ុល ហ្កានឌី (Rahul Gandhi) ដែលបានស្នើឱ្យតុលាការពន្យាពេលផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ដែលបណ្ដាលឱ្យមានការដកហូតសមាសភាពរបស់លោកចេញពីសមាជិកសភាកាលពីខែមុន។
គួររំឭកថា លោក ហ្កានឌី អាយុ ៥២ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំដោយសារតែការថ្លែងរបស់លោកក្នុងឆ្នាំ២០១៩ ដែលត្រូវបានគេមើលឃើញថាជាការប្រមាថដល់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) និងបានមើលងាយដល់អ្នកផ្សេងទៀតដែលមាននាមត្រកូលដូចទៅនឹងលោក ម៉ូឌី។ លោក ហ្កានឌី បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការស្វែងរកគ្រប់មធ្យោបាយដើម្បីជំរុញឱ្យតុលាការ លុបចោលបទចោទមុនពេលការបោះឆ្នោតថ្នាក់ជាតិនៅឥណ្ឌាឈានមកដល់នៅឆ្នាំ២០២៤ ខាងមុខនេះ។
គួរដឹងដែរថា រដ្ឋាភិបាលរបស់លោក ម៉ូឌី ត្រូវបានគេចោទប្រកាន់ថា តែងតែបានប្រើច្បាប់បរិហារកេរ្តិ៍ដើម្បីបំបិទសំឡេងអ្នករិះគន់អស់ជាច្រើន។ ជាក់ស្ដែង សំណុំរឿងជាច្រើនដែលលោក ហ្កានឌី ត្រូវទទួលរងបណ្ដឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងករណីមួយនៅក្នុងរដ្ឋហ្គូចារ៉ាត (Gujarat) ជាខេត្តដែលលោកត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ផងដែរ។ លោក ហ្កានឌី គឺជាដៃគូប្រកួតប្រជែងនយោបាយដ៏សំខាន់របស់នាយករដ្ឋមន្ត្រី ម៉ូឌី និងជាសមាជិកដ៏លេចធ្លោរបស់គណបក្សសមាជ (Congress party) ដែលជាគណបក្សប្រឆាំង។
សមាជិកគណបក្សប្រឆាំង លោក ណាយហ្សាដ ដេសាយ (Naishadh Desai) បានប្រាប់អ្នកសារព័ត៌មានថា «កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសវនាការ ចៅក្រមបានច្រានចោលសំណើសុំផ្អាកដំណើរការក្ដីរបស់លោក ហ្កានឌី»។ លោកបានបន្ថែមថា «សាលក្រមរបស់សាលាដំបូងអាចនឹងត្រូវបានប្តឹងបន្តទៅកាន់តុលាការឧទ្ធរណ៍នៅក្នុងរដ្ឋហ្គូចារ៉ាត»។ ក្រុមអ្នករិះគន់រដ្ឋាភិបាលបានអះអាងថា ការកាត់ទោសពីបទបរិហារកេរ្តិ៍ទៅលើលោក ហ្កានឌី គឺជាលទ្ធផលនៃការរិះគន់ជាបន្តបន្ទាប់របស់លោកចំពោះទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រី ម៉ូឌី ទៅនឹងសេដ្ឋីអ្នកជំនួញម្នាក់ឈ្មោះថា ហ្គួតាំ អាដានី (Gautam Adani) ទាំងក្នុង និងក្រៅសភា។
លោក ម៉ូឌី និងលោក អាដានី មានដើមកំណើតមកពីរដ្ឋហ្គូចារ៉ាតដូចគ្នា និងជាមិត្តភក្ដិនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទោះជាយ៉ាងណា ថ្មីៗនេះមុខជំនួញរបស់លោក អាដានី ត្រូវបានបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីក្រុមហ៊ុនវិនិយោគអាមេរិកមួយបានចោទប្រកាន់ក្រុមហ៊ុនរបស់លោកពីបទក្លែងបន្លំ ប៉ុន្តែលោក អាដានី បានបដិសេធចំពោះការចោទប្រកាន់នោះ។
លោក ហ្កានឌី គឺជាសមាជិកដ៏លេចធ្លោរបស់គណបក្សសមាជ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រៅឃុំ។ គួរកត់សម្គាល់ថា គណបក្សសមាជធ្លាប់ជាគណបក្សនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានបាត់បង់អំណាច និងឥទ្ធិពលទៅវិញ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ថា លោក ហ្កានឌី ជាអ្នកនយោបាយដែលមានដើមកំណើតនៅក្នុងវង្សត្រកូលអ្នកនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសឥណ្ឌា។ លោកគឺជាកូនប្រុស ជាចៅប្រុស និងជាចៅទួតរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា ចាប់តាំងពីជំនាន់លោក ចាវ៉ាហាឡាល់ នេរូ (Jawaharlal Nehru) ដែលជាមេដឹកនាំក្នុងចលនាឯករាជ្យរបស់ប្រទេសឥណ្ឌាកាលពីសម័យមុន។
មេធាវីរបស់លោក ហ្កានឌី បានលើកឡើងថា ការកាត់ក្តីរបស់លោក ហ្កានឌី គឺជាការកាត់ក្ដីដែលមានលក្ខណៈធ្ងន់ធ្ងរជ្រុលហួសប្រមាណ។
បន្ថែមលើនេះ មេធាវីរបស់លោក ហ្កានឌី បានមានប្រសាសន៍ថា «ប្រសិនបើការសម្រេចក្ដីរបស់តុលាការមិនត្រូវបានផ្អាកទេ វានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកខ្លាំង។ យ៉ាងណាក៏ដោយ ការកាត់ទោសនេះបានធ្វើឱ្យលោក ហ្កានឌី មិនមានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ដូច្នេះគណបក្សរបស់លោក ម៉ូឌី ត្រូវបានគេព្យាករណ៍ថានឹងឈ្នះឆ្នោតបានយ៉ាងងាយស្រួលបំផុត»៕ ប្រែសម្រួល៖ធា សុខណា ប្រភពព័ត៌មាន៖ Channel NewsAsia
India court rejects Rahul Gandhi’s plea for stay on conviction
https://www.channelnewsasia.com/asia/india-court-rejects-rahul-gandhis-plea-stay-conviction-3431761