សម្តេចពញាចក្រី ហេង សំរិន ៖ គណបក្សគ្រប់ថ្នាក់ សម្រេចឱ្យបាននូវយុទ្ធសាស្រ្ត “ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស បរិមាណ និងគុណភាពសមាជិកគណបក្សដើម្បីឈ្នះឆ្នោត”

ខេត្តត្បូងឃ្មុំ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារគណបក្សខេត្តឆ្នាំ២០២២ និងទិសដៅ២០២៣ និងពិធីប្រកាសបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧របស់ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ ថា គណបក្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងរៀបចំឱ្យមានគ្រប់រចនាសម្ព័ន្ធតាមការណែនាំ សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត “ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស បរិមាណ និងគុណភាពសមាជិកគណបក្សដើម្បីឈ្នះឆ្នោត” ដោយធានាឱ្យបាននូវទិសស្លោក “ពង្រឹងចាស់ ពង្រីកថ្មី និងប្រែក្លាយសមាជិកម្នាក់ឱ្យក្លាយទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក” ។

សម្តេចពញាចក្រី បន្តថា ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បានធ្វើឱ្យ គណបក្សយើងជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ។

ដើម្បីធានាភាពប្រាកដប្រជានូវជោគជ័យរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើឱ្យរកមើលឱ្យឃើញបាតុភាពអសកម្ម និងចំណុចខ្វះខាតនានារបស់មន្រ្តី ក្រុមការងារ និងគណបក្សដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។ ត្រូវវាយតម្លៃឱ្យបានត្រឹមត្រូវអំពី កម្លាំង និងសកម្មភាពរបស់គណបក្សប្រកួតប្រជែង និងមជ្ឈដ្ឋានអមិត្ត ដើម្បីមានវិធានការឆ្លើយតបឱ្យបាន ទាន់ពេលវេលា។ ត្រូវខិតខំឃោសនាបំផុសឱ្យប្រជាជន មហាជន យល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃសន្តិភាពដែលកំពុងកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមើលឃើញពីសមិទ្ធផលដ៏ធំធេងរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជាជានិច្ចកាល តែងតែផ្សាភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្រជាជន៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner