លោក ព្រហ្ម ម៉ាញ បដិសេធការផ្សាយថាលោកបាត់បង់ជីវិត (Video Inside)
សិល្បករដ៏ល្បីល្បាញលោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកគ្រោងនឹងស្នើទៅអាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយព័ត៌មានប្រឌិតខុសពីការពិតមួយ ដែលផ្សព្វផ្សាយថា លោកបានបាត់បង់ជីវិត។
កិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ អាយុ៧៣ឆ្នាំ បានប្រាប់អប្សរាណិតនៅថ្ងៃទី២១ មេសាថា ការផ្សាយនោះ គឺជាការប្រមាថមួយដល់អាយុជីវិតរបស់លោក និងថាការផ្សាយព័ត៌មានមិនពិតនេះ ធ្វើឡើងដោយម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «លាន កំសត់ស្នេហ៍»។
នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ លោកគ្រោងនឹងធ្វើសំណូមពរជាសាធារណៈ នៅក្នុងការសម្តែងមួយ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវត្តបារមីវង្កតបុរីជាយរាជធានីភ្នំពេញ។
លោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកនឹងស្នើរកការដាក់ទោស ដល់អ្នកផ្សព្វផ្សាយព័ត៌មានកុហកបោកប្រាស់នេះ ដោយលោកបាននិយាយថា បានធ្វើក្នុងចេតនាអាក្រក់មួយមុនដំណើរការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។