ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ចាប់ផ្តើមកសាងក្នុងខែមិថុនា (Video Inside)

ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្នុងខែមិថុនា ជិតមកដល់នេះហើយ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន, ពិធីបើកការដ្ឋានសាងសង់ផ្លូវលឿនទី២នៅកម្ពុជា នឹងធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនទី២នេះ នឹងមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានដ៏វែងមួយឆ្លងកាត់ទន្លេមេគង្គ។ បើគិតទាំងស្ពាន និងផ្លូវតភ្ជាប់ នឹងមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណលើផ្លូវល្បឿនលឿនទី២នេះ មានចំនួន១ពាន់ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ដោយសារប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿនទី១ ភ្នំពេញ និងក្រុងព្រះសីហនុផងដែរ។ ផ្លូវនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា បន្តមកថៃ, មកកម្ពុជា និងតភ្ជាប់ទៅប្រទេសវៀតណាម៕

ads banner