គណៈបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនឈរឈ្មោះជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃមណ្ឌលខេត្តបាត់ដំបង លំដាប់លេខរៀងទី១ ក្នុងចំណោមបញ្ជីបេក្ខជនផ្លូវការ ទាំង ៨រូប របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ បានអញ្ជើញជា ក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តដើម្បីធ្វើការផ្សព្វផ្សាយអំពីរបាយការណ៍សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ របស៎គណៈកម្មាធិការគណបក្សខេត្ត និងបង្ហាញនូវបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។

ខេត្តបាត់ដំបង មានបេក្ខជនពេញសិទ្ធឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចំនួន ៨រូប រួមមាន៖ ១- សម្តេចក្រឡាហោម ស ខេង, ២- ឯកឧត្តម ងិន ឃន, ៣- ឯកឧត្តម ឡោក ហ៊ួរ, ៤- ឯកឧត្តម អង្គវង្ស វឌ្ឍនា, ៥- ឯកឧត្តម ឈាង វុន, ៦- ឯកឧត្តម កើត រទ្ធ, ៧- ឯកឧត្តម សក់ សេដ្ឋា,៨- ឯកឧត្តម ច័ន្ទ សុផល។ក្នុងនោះក៏បានបង្ហាញបញ្ជីបេក្ខជនបម្រុង ចំនួន៨រូបផងដែរ រួមមាន៖១- លី គឹមលៀង(ស្រី), ២- ភួ ពុយ(ប្រុស), ៣-នឹម ថូត (ប្រុស), ៤- សៀង ស៊ុតថង(ប្រុស), ៥- ញឹក សាគន្ធ(ស្រី), ៦- ខាន់ ម៉ាណេរ(ប្រុស), ៧- កែវ ដាណា(ស្រី), ៨- ខឺយ ស៊ីនឿន(ប្រុស)

សន្និបាតក៏បានប្តេជ្ញា និងធ្វើការសម្រេចចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកនូវសមាជិកបក្សរបស់ខ្លួនឲ្យកាន់តែទូលំទូលាយនិងកសាងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារគណបក្សនិងគណៈកម្មាធិការបក្សខេត្ត គឺធ្វើយ៉ាងណាខិតខំរក្សាប្រៀបឈ្នះនិងដើម្បីបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខ យ៉ាងហោចណាស់ដណ្តើម អាសនៈ ឲ្យបាន ៧ លើ ៨អាសនៈ។

ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការផ្សព្វផ្សាយនិងដាក់ចេញនូវទិសដៅការងាររបស់គណបក្សនិងកិច្ចការសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តចំពោះមុខ និងបានផ្តល់នូវផែនការលម្អិតជាគន្លឹះក្នុងការអនុវត្តជាក់ស្តែង ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខទាំងផែនការសកម្មភាពមុនយុទ្ធនាការ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោតនិងក្រោយថ្ងៃបោះឆ្នោត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner