អ្នកសារព័ត៌មានកម្ពុជាប្រមាណជាង ៥០០នាក់ មកពីអង្គភាពស្ថាប័នផ្សេងៗ ទទួលបានការពង្រឹងសមត្ថភាពបន្ថែមអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជាប្រមាណជាង ៥០០នាក់មកពីបណ្តាអង្គភាព ស្ថាប័នផ្សេងៗ រាជធានី ខេត្ត ទទួលបានការពង្រឹងសមត្ថភាពបន្ថែមអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន។ កម្មវិធីនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (កអក) សហការជាមួយវិស័យឯកជនផងដែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន គឺជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ផងដែរ ។ ឯកឧត្តម បន្ថែមថា ក្រមសីលធម៌ គឺជាអាវក្រោះមួយដែលការពារអ្នកសារព័ត៌មាន ហើយក្រមសីលធម៌នេះ ក៏ជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ជាដើម។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ពាក្យថា ក្រមសីលធម៌ គឺពាក់ព័ន្ធទៅនឹងសុជីវធម៌ ការយល់ដឹងអំពីច្បាប់ រហូតដល់ទំនៀមទម្លាប់ ប្រពៃណី ផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះក្លិបអ្នកកាសែតកម្ពុជា ដែលជាសមាគមដំបូងគេបានលើកជជែកអំពីការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាពេលនេះ ។
គួរបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានចែកចេញជាបីវគ្គ។ ក្នុងនោះវគ្គទី១៖ គឺជាវគ្គពិភាក្សា សួរដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹងស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា បានធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស អូស្រាលី បារាំង អាល្លឺម៉ង់ និងថៃ ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍ ផងដែរ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា៖«នេះជាវេទិកាដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មានដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល»។
លោកបានបន្ថែមថា៖«ខ្ញុំមានជំនឿជឿជាក់ថា វេទិកានេះនឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់…»។
គួរកត់សម្គាល់ថា វិស័យសារព័ត៌មាននៅកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីសំណាក់មហាជនទូទៅ និងពីវិស័យឯកជនជាច្រើនផងដែរ។ ហេតុដូច្នេះហើយបានជាការជួបជុំអ្នកសារព័ត៌មាននៅក្នុងក្របខណ្ឌក្លិបអ្នកកាសែតកម្ពុជា ទទួលបានការគាំទ្រជាស្មារតី និងសម្ភារផង ពីវិស័យឯកជនក្នុងស្រុក និងបរទេស ដែលធ្លាប់ជាដៃគូរបស់ក្លិបអ្នកកាសែតកម្ពុជា ៕ រូបភាព អត្ថបទ ង៉ាន់ ទិត្យ









