ក្នុងមួយឆ្នាំៗការដកអន្ទាក់បានប្រមាណ ២០ភាគរយក្នុងចំណោមអន្ទាក់ដែលបានដាក់តាមតំបន់ការពារធម្មជាតិនៅកម្ពុជា
ខេត្តពើធិ៍សាត់ ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៣ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា យើងមិនបានដឹងពិតប្រាកដទេថា ចំនួនអន្ទាក់ដែលត្រូវបានគេដាក់ចូលក្នុងព្រៃតាមតំបន់ធម្មជាតិ ប៉ុន្តែយើងគ្រាន់តែដឹងថាក្នុងមួយឆ្នាំៗតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការដកអន្ទាក់ចេញពីតាមតំបន់ការពារធម្មជាតិទូទាំងប្រទេសបានប្រមាណ ២០ភាគរយ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា៖ក្នុងរយៈពេល ២ឆ្នាំមកនេះ ការដកអន្ទាក់គ្រប់ប្រភេទមានប្រមាណជាង ១០ម៉ឺនអន្ទាក់ ហើយក្នុងចំណោមអន្ទាក់ដែលបានដកចេញនេះ គឺវាក៏បានជួយដល់បញ្ហាប្រឈមហានិភ័យដល់មនុស្ស និងសត្វព្រៃជាច្រើន ។ ផ្តើមចេញពីបញ្ហាទាំងនេះហើយ បានធ្វើឱ្យអ្វីដែលក្រសួងបរិស្ថាន និង អង្គការដៃគូបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងាររបស់ខ្លួនបន្ថែមទៀត ពីខេត្តមួយទៅខេត្តមួយដើម្បីបញ្ជ្រាបចំណេះដឹងនេះទៅដល់សាធារណជន ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តទៀតថា ”អ្វីដែលយើងបានធ្វើនេះ គឺដើម្បីឱ្យការបរបាញ់សត្វព្រៃត្រូវបានបញ្ឈប់ និងក្រៅពីនេះក៏បានបញ្ជ្រាបចំណេះដឹងដល់ក្នុងចំណោមអ្នកចូលចិត្តបរិភោគសាច់សត្វព្រៃដែលធ្លាប់តែយល់ឃើញថា ការបរិភោគសាច់សត្វព្រៃធ្វើឱ្យសុខភាពល្អ ប៉ូវកំលាំង ព្យាបាលជំងឺ សូមឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ សូមបដិសេធការបរិភោគសាច់សត្វព្រៃ ហើយសូមងាកមកបរិភោគសាច់សត្វស្រុកដែលមានកិច្ចការពារត្រឹមត្រូវ ការពិនិត្យត្រឹមត្រូវទើបវាផ្តល់នូវសារៈប្រយោជន៍ ដល់សុខភាពរបស់យើងពិតប្រាកដ ។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានតំបន់ការ ពារធម្មជាតិចំនួន ០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ៕
អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖លោក រិន រចនា





