លោក ហ៊ុន កុសល សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក
ភ្នំពេញ៖ លោក ហ៊ុន កុសល បានសូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក។ ឱកាសដែលលោកអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨២ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤២ (បុរីគឹមធី) ផ្លូវលេខ១ ភូមិកាកាប សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារ លោក ហ៊ុន កុសល បានសរសេរនៅលើបណ្តាញសង្គមថា “ខ្ញុំបាទ ហ៊ុន កុសល ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញបញ្ជូនមកឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែ(ម១) នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលដែលខ្ញុំបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកពាក់ព័ន្ធនឹងរូបភាពអង្គព្រះមហាក្សត្រ ដែលទ្រង់យាងព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី២១ ខែមីនា នៅប្រាសាទអង្គរវត្ត នាខេត្តសៀមរាប។
មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ខ្ញុំត្រូវបានឃុំខ្លួនចំនួន៣១ថ្ងៃគត់។ ក្នុងថ្ងៃនេះដដែល ខ្ញុំត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ឱកាសដែលខ្ញុំអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់ខ្ញុំ។”
ជាមួយគ្នាដែរនេះ លោក ហ៊ិន កុសល ក៏សូមការអនុគ្រោះពីសម្តេចតេជោ មេត្តាជួយសម្របសម្រួលចំពោះសកម្មជននយោបាយអតីតគណបក្សសង្រ្គោះជាតិទាំងឡាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ(ម១) និងសកម្មជននយោបាយ និងសកម្មជនសង្គមទាំងអស់ដើម្បីឱ្យពួកគាត់បាននៅក្រៅឃុំ អាចជួបជុំឪពុកម្តាយ ស្វាមី ភរិយា សាច់ញាតិ និងគ្រួសារដូចដើមវិញ។
ជាចុងក្រោយ លោក ហ៊ុន កុសល សូមគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារទាំងមូលជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ពលជ័យ


