រដ្ឋលេខាធិការ៖ ក្រសួងកសិកម្ម កំពុងជំរុញកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដារ ដើម្បីស្ថិរភាពតម្លៃ និងគុណភាពស្រូវ
ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កិច្ចសន្យាផលិតកម្មស្រូវស្ដង់ដារ(Sustainable Rice Platform,SRP) រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាស្ថិរភាពតម្លៃស្រូវ គុណភាព និងបរិមាណ ដើម្បីលើកស្ទួយជីវភាពកសិករ។

ឯកឧត្តមបានប្រាប់ថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ លោកបានចូលរួមនៅក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដារ (SRP) រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវភូមិយើង និងសហភាពសហគមន៍កសិកម្មបាត់ដំបង នៅរោងម៉ាស៊ីនភូមិយើង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តមបានបញ្ជាក់ថា៖«កិច្ចសន្យាកសិកម្មនេះ គ្របដណ្ដប់លើផលិតកម្មស្រូវតាមស្ដង់ដារ ក្នុងឆ្នាំ ២០២៣ ដោយប្រើប្រាស់ប្រភេទពូជស្រូវផ្ការំដួល និងសែនក្រអូប០១ ក្នុងបរិមាណ សរុបចំនួន ៤.៥០០ តោន។ មានសហគមន៍ចំនួនប្រាំពីរជាសមាជិកសហភាពសហគមន៍បាត់ដំបង បានចូលរួមក្នុងការផលិតស្រូវចំណីស្តង់ដារ SRP នេះ ដែលមានសមាជិកចំនួន ៣៧៤ គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ១.៣៩២ ហិកតា»។
លោកបានក្រើនរំឭក និងសំណូមពរឱ្យភាគីពាក់ព័ន្ធបន្តសហការគ្នា និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ ការចុះកិច្ចសន្យាកសិកម្មនៅថ្ងៃនេះ វាគ្រាន់តែជាការចាប់ផ្ដើមសាកល្បងតូចមួយប៉ុណ្ណោះ យើងត្រូវបន្តធ្វើការជាមួយគ្នាបន្តទៀត ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ។

បណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា៖«ភាពជោគជ័យនៃការសហការគ្នានេះ នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស និងកសាងខ្សែច្រវាក់ផលិតកម្មស្រូវមួយ ដែលកសិករផលិតស្រូវនឹងទទួលបានទីផ្សារសម្រាប់ស្រូវរបស់ពួកគាត់
រីឯរោងម៉ាស៊ីននឹងទទួលបានស្រូវគុណភាពល្អសម្រាប់កែច្នៃ ក្នុងខណៈដែលកសិករផលិតពូជក៏មានទីផ្សារសម្រាប់ពូជសុទ្ធរបស់ពួកគាត់ដែរ។ លើសពីនេះទៀត ផលិតកម្មតាមកិច្ចសន្យានេះ នឹងចូលរួមចំណែក្នុងការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួនមួយលានតោនក្នុងពេលខាងមុខ»។
សូមបញ្ជាក់ថា ការចុះកិច្ចសន្យាលើផលិតកម្មស្រូវនេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួលពីកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា៕ ដោយ៖ វណ្ណ សុជាត