សម្ដេចតេជោ ហ៊ុន សែន បង្ហាញឃ្លីបវីដេអូកាលពី៥៧ឆ្នាំមុន ភ្ជាប់ជាមួយខ្លឹមសារថា បើមិនមានសង្គ្រាមទេ ភាពរុងរឿងនឹងមានច្រើនណាស់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញឃ្លីបវីដេអូកាលពី៥៧ឆ្នាំមុន តាមរយៈបណ្ដាញសង្គមតេឡេក្រាមដោយភ្ជាប់ជាមួយខ្លឹមសារថា បើមិនមានសង្គ្រាមទេ ភាពរុងរឿងនឹងមានច្រើនណាស់ ។
សម្ដេចតេជោបានលើកឡើងថា មើលវីដេអូមួយនេះ ធ្វើឲ្យយើងអាចកំណត់បានថា ប្រសិនពុំមានរដ្ឋប្រហា ១៨មិនា១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។ កាលពី៥៧ឆ្នាំមុន មានរូបភាពដូចក្នុងវីដេអូនេះ បើមិនមានសង្គ្រាមទេ ភាពរុងរឿងនិងមានច្រើនលើសនោះច្រើនណាស់។
សម្ដេចបន្តថា សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កូនចៅនៃព្រះរាជាណាចក្រកម្ពុជាទី២ នឹងបង្កើតព្រឹត្តិការណ៍ប្រហាក់ប្រហែលជាមួយព្រឹត្តិការណ៍នៃព្រះរាជាណាចក្រទី១ នាឆ្នាំ១៩៦៦។
សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឧទ្ទិសសមិទ្ធផលដែលកូនចៅបាននិងកំពុងធ្វើនេះ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិ ជាទីគោរពសក្ការៈប្រកបដោយការនឹករលឹក និងដឹងគុណពីកូនចៅ ។
សូមជម្រាបថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែកព្រឹត្តិការណ៍កីឡាអាស៊ានបារ៉ាហ្គេមលើកទី១៣ នឹងធ្វើឡើងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក













