រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ណែនាំមន្ទីរធម្មការរាជធានី ខេត្ត ត្រៀមរៀបចំបុណ្យវិសាខបូជា
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ឱ្យរៀបចំបុណ្យវិសាខបូជា ដើម្បីញ៉ាំងពិធីបុណ្យនេះ ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងឆ្លើយតបតាមសមស្របតាមអត្ថន័យ។
ការណែនំារបស់ឯកឧត្តម ឈិត សុខុន ធ្វើឡើងដោយយោង លិខិតលេខ ០៣/២០២៣ គជបអ ចុះថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០២៣ របស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យមានការរៀបចំពិធីបុណ្យវិសាខបូជា ដែលជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែល ប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធមាមកជន នៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន។
យោងតាមលិខិតណែនាំ ដែលទទួលបាននៅថ្ងៃទី ២២ ខែមេសានេះ បានណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រៀបចំតុបតែងលម្អភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ឱ្យបានគ្រប់វត្តអារាម និងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ការពារសុវត្ថិភាព នៅក្នុងឱកាសពិធីបុណ្យនោះឱ្យបានល្អប្រសើរជូនពុទ្ធបរិស័ទបានបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ឯកឧត្តម ឈិត សុខុន បន្តថា គ្រប់មន្ទីរធម្មការ និងសាសនា ត្រូវណែនាំទៅគ្រប់វត្ដអារាមឱ្យរៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានសមស្របតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងជ្រើសរើសវត្ដណាមួយប្រារព្ធពិធីបុណ្យវិសាខបូជា។ រាល់ការរៀបចំពិធីបុណ្យវិសាខបូជា ជាផ្លូវការត្រូវអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។
បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពិធីបុណ្យវិសាខបូជានេះ ប្រារព្ធធ្វើឡើងដើម្បីរំឮកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខន្ធចូលកាន់ ព្រះបរិនិព្វាន។ ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាងកុសលដ៏ថ្លៃថ្លាបំផុត។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតិ និងចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន មន្ត្រីរាជការ អ្នកមុខ អ្នកការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី ព្រមទាំងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។
ឆ្នាំនេះ បុណ្យវិសាខបូជា នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៤-០៥ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖ គឹម យុត្ថារ៉ូ
