សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរ ត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ពលរដ្ឋតាមមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរ ត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ពលរដ្ឋតាមមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបចំនួន ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ។

សម្ដេចតេជោ បានយកឱកាសនេះជំរុញឲ្យ អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាមិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ។

សម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេស ការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
