នាយករដ្ឋមន្រ្តីជប៉ុននឹងទៅទស្សនកិច្ចនៅអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល Quad នៅខែឧសភាខាងមុខ
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការរៀបចំកំពុងដំណើរការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាចុងខែឧសភាខាងមុខនេះ សម្រាប់ការពិភាក្សាជាមួយមេដឹកនាំសហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ដែលស្ថិតក្រោមក្របខ័ណ្ឌមួយហៅថា Quad។
កិច្ចប្រជុំនេះ នឹងក្លាយជាកិច្ចប្រជុំកំពូល Quad លើកដំបូង ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ចាប់តាំងពីខែឧសភាឆ្នាំមុន។ កិច្ចប្រជុំនេះដែរ នឹងធ្វើឡើងភ្លាមៗបន្ទាប់ពីប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
បើតាមការគ្រោងទុកនោះ មេដឹកនាំប្រទេសទាំងបួន ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាជុំវិញស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងតំបន់អាស៊ីបូព៌ា ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។ បន្ថែមលើនេះ មេដឹកនាំទាំងបួនក៏ទំនងជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ក៏ដូចជាការប្រែប្រួលអាកាសធាតុផងដែរ។
ដោយឡែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក គីស៊ីដា សង្ឃឹមថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងចំណោមប្រទេសទាំងបួនក្នុងការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ខណៈដែលចិនកំពុងពង្រីកឥទ្ធិពលនៅក្នុងតំបន់នោះ ហើយកូរ៉េខាងជើងក៏កំពុងជំរុញការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

