ប្រទេសជាច្រើនចាប់ផ្តើមជម្លៀសប្រជាជនខ្លួនចេញពីជម្លោះដ៏ក្តៅគគុកនៅស៊ូដង់
ខាទុំ៖ ប្រទេសជាច្រើនបាននិងកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីជម្លោះដ៏ក្តៅគគុកនៅក្នុងប្រទេសស៊ូដង់ ខណៈដែលការប្រយុទ្ធនៅតែបន្តរវាងកងកម្លាំងយោធា និងក្រុមទាហានប៉ារ៉ា (RSF)។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ភាគីក្នុងជម្លោះទាំងពីរបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅជិតវិមានប្រធានាធិបតីស៊ូដង់ និងអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីខាទុំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ទន្ទឹមគ្នា សហរដ្ឋអាមេរិក និងអង់គ្លេសបាននិយាយថា ប្រជាជនរបស់ពួកគេ រួមទាំងអ្នកការទូត និងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ តាមយន្តហោះយោធា។
ចំណែកក្រសួងការពារជាតិអាល្លឺម៉ង់ក៏បានឱ្យដឹងនៅលើបណ្តាញសង្គមដែរថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកំពុងដំណើរការប្រតិបត្តិការជម្លៀសពលរដ្ឋអាល្លឺម៉ង់ចេញពីប្រទេសស៊ូដង់ផងដែរ។ រីឯរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្បួនរថយន្តដ៏ធំមួយបានដឹកជនជាតិអារ៉ាប៊ីសាអូឌីតជាង១៥០នាក់ និងជនបរទេសដទៃទៀត នៅតំបន់មានចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីទីក្រុងខាទុំ ឆ្ពោះទៅកាន់កំពង់ផែស៊ូដង់នៅលើឆ្នេរសមុទ្រក្រហម។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបាននិយាយថា កប៉ាល់កងទ័ពជើងទឹកបានយកអ្នកភៀសខ្លួនចេញពីកំពង់ផែស៊ូដង់ទៅកាន់កំពង់ផែមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
បើតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សច្រើនជាង៤០០នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅក្នុងប្រទេសអាហ្វ្រិកភាគឦសានមួយនេះ កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។
យោធាស៊ូដង់ និងទាហានប៉ារ៉ា (RSF) បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល៣ថ្ងៃកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាថ្ងៃឈប់សម្រាករបស់សាសនិកមូស្លីមប្រារព្ធពិធីបញ្ចប់ខែពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តកាលពីចុងសប្តាហ៍មុននេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
