ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ការសម្រេចចិត្តមកចូលរួមរស់ជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា គឺជារឿងត្រឹមត្រូវបំផុត
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧៩០នាក់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ការសម្រេចចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារឿងត្រឹមត្រូវបំផុត ព្រោះថ្នាក់ដឹកនាំបក្សសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំនាវាកម្ពុជា ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តម ឃុត ចាន់ដារ៉ា បន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានភ្លក់គ្រប់រសជាតិក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះជាមួយនឹងប្រជាជនកម្ពុជា ទាំងដំណាក់កាលសង្គ្រាម លំបាកវេទនា រហូតដល់ដំណាក់កាលអភិវឌ្ឍនៅទូទាំងប្រទេស ដែលមិនមានគណបក្សនយោបាយណាអាចប្រៀបប្រដូចបាននោះទេ ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបង្ហាញអំពីគោលនយោបាយ និងសមិទ្ធផលសំខាន់ៗ ដែលគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ និងស្នាដៃយ៉ាងធំធេងក្នុងការកសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។
ឯកឧត្តម ម៉ប់ សារិន ក៏បានជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូនថ្មីនាពេលនេះ ត្រូវបំពេញតួនាទីជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕ ដោយ / គ្រី សម្បត្តិ


