អូស្ត្រាលីបង្ហាញពីកំណែយុទ្ធសាស្រ្តការពារជាតិដ៏ធំបំផុតរាប់តាំងពីសង្រ្គាមលោកលើកទី២

កង់បេរ៉ា៖ អូស្ត្រាលីបាននិយាយថា ការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទអាវុធប្រើសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ និងមូលដ្ឋានភាគខាងជើងនៃប្រទេសរបស់ខ្លួន នឹងស្ថិតក្នុងចំណោមអាទិភាពនៃវិស័យការពារជាតិទាំងប្រាំមួយរបស់ប្រទេស។

ការបង្ហាញឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយអូស្រ្តាលីធ្វើសេចក្ដីត្រួតពិនិត្យដ៏សំខាន់លើយុទ្ធសាស្ត្រការពារជាតិ ក្រោមការផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្តី Anthony Albanese ក្នុងកំណែយុទ្ធសាស្រ្តការពារជាតិដ៏ធំបំផុតរាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយរកឃើញថា កងកម្លាំងប្រដាប់អាវុធមិនស៊ីគ្នាទាំងស្រុង ទៅនឹងគោលបំណងយោធារបស់ប្រទេស។

កំណែសម្រួលឡើងវិញនៃសេចក្ដីត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ ដែលជាឯកសារសម្ងាត់ ត្រូវបានដឹកនាំដោយអតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី លោក Angus Houston និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Stephen Smith ហើយទទួលបានការឆ្លើយតបពីរដ្ឋាភិបាលឱ្យចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទ ទី ២៤ ខែមេសា។

សេចក្ដីត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក «លែងជាមេដឹកនាំផ្តាច់មុខនៃឥណ្ឌូ-ប៉ាស៊ីហ្វិក» ទៀតហើយ ហើយ «ការប្រកួតប្រជែងអំណាចជាយុទ្ធសាស្ត្រ គួរតែមើលឃើញថាជាលក្ខណៈកំណត់ពិសេសនៃតំបន់ និងពេលវេលារបស់យើង»។

គួរបញ្ជាក់ថា ការធ្វើកំណែយុទ្ធសាស្រ្តការពារជាតិ កើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងនៅអាស៊ីបូព៌ា ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់ ហើយនិងនៅពេលដែលចិនកំពុងឆ្ពោះទៅមុខជាមួយនឹងការធ្វើទំនើបកម្មយោធារបស់ខ្លួន។

ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្រ្តី Albanese បាននិយាយថា រដ្ឋាភិបាលនឹងអនុម័តអាទិភាពចំនួនបីផ្សេងទៀត ក្នុងសេចក្ដីត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិសម្រាប់សកម្មភាពដែលត្រូវធ្វើភ្លាមៗ។ ក្នុងនោះរួមមាន គំនិតផ្តួចផ្តើមដើម្បីកែលម្អកំណើន និងការរក្សាបាននូវកម្លាំងការងារការពារជាតិដែលមានជំនាញខ្ពស់ ការកែលម្អសមត្ថភាពរបស់ប្រទេសអូស្ត្រាលីក្នុងការសម្របប្រើបច្ចេកវិទ្យាថ្មីឱ្យបានយ៉ាងឆាប់រហ័សក្នុងវិស័យការពារ និងការធ្វើឱ្យស៊ីជម្រៅនៃភាពជាដៃគូផ្នែកការពារជាតិ និងការទូតជាមួយ «ដៃគូសំខាន់ៗ» នៅឥណ្ឌូប៉ាស៊ីហ្វិក។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «សេចក្ដីត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ និងការឆ្លើយតបរបស់រដ្ឋាភិបាល មានគោលបំណងរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់របស់យើង»។

សេចក្ដីត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អូស្ត្រាលី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួម និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពីអាស៊ីអាគ្នេយ៍រហូតដល់ប៉ាស៊ីហ្វិក ក៏ដូចជាជាមួយឥណ្ឌា និងជប៉ុនផងដែរ។

លោក Albanese បានកត់សម្គាល់ថា អនុសាសន៍នៃសេចក្ដីត្រួតពិនិត្យឡើងវិញនឹងពង្រឹង «សន្តិសុខជាតិរបស់អូស្ត្រាលី និងធានាការត្រៀមខ្លួនរបស់យើងសម្រាប់បញ្ហាប្រឈមនាពេលអនាគត» និង«ជួយកសាងអូស្ត្រាលីឱ្យមានសុវត្ថិភាពជាងមុន និងតំបន់ដែលមានស្ថិរភាព និងវិបុលភាពជាងមុន»៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner