មេបក្សប្រឆាំងថៃ អំពាវនាវឱ្យមានការរួបរួមគ្នាដើម្បីផ្ដួលក្រុមយោធានិយមក្នុងការបោះឆ្នោតខាងមុខ
ថៃ៖មេដឹកនាំនៃគណបក្សប្រឆាំងដ៏មានប្រជាប្រិយ លោក ពីតា លីមចារ៉ូអេនរ៉ាត(Pita Limjaroenrat) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីចុងសប្ដាហ៍ថា ក្រុមបក្សប្រឆាំងរបស់ប្រទេសថៃគួរតែរួមគ្នា ដើម្បីផ្ដួលក្រុមយោធាចេញពីនយោបាយ និងបង្កើតរដ្ឋាភិបាលមួយក្រោយការបោះឆ្នោតថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃចន្ទ។
គួរបញ្ជាក់ថា ការបោះឆ្នោតថៃនឹងប្រព្រឹត្តនៅថ្ងៃទី ១៤ ខែឧសភា ដែលមានការប្រកួតប្រជែងគ្នារវាងក្រុមអភិរក្សនិយមនិយមយោធា និងគណបក្សប្រឆាំងប្រជានិយម ដែលដឹកនាំដោយគណបក្សភឿថៃ និងគណបក្ស Move Forward។ រដ្ឋាភិបាល២ ដែលភឿថៃគាំទ្រត្រូវបានផ្តួលរំលំ ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ និង ២០១៤។
លោក ពីតា ដែលជាមេដឹកនាំបក្ស Move Forward បានប្រាប់រ៉យទ័រ នៅខាងក្រោយឆាកវេទិកាឃោសនាបោះឆ្នោតនៅថ្ងៃសៅរ៍ថា៖ «វាច្បាស់ណាស់ថា គណបក្សប្រឆាំងបច្ចុប្បន្នគឺជាចម្លើយត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសថៃ មិនមែនជាគណបក្សគាំទ្រដោយយោធាដែលធ្វើរដ្ឋប្រហារនោះទេ»។
លោក ពីតា មើលឃើញថា សម្ព័ន្ធភាពជាមួយបក្សភឿថៃ មានសារៈសំខាន់ណាស់ក្នុងការយកឈ្នះនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
លោក ប្រាយុទ្ធ ដែលជាអតីតមេទ័ពថៃ បានដឹកនាំប្រទេសក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ និងបន្តធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ ២០១៩។ លោក នឹងធ្វើការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែការស្ទង់មតិថ្មីៗនេះបានបង្ហាញថា សន្ទុះនៃការគាំទ្ររបស់លោកឈរនៅពីក្រោយទាំងគណបក្សភឿថៃ និងគណបក្ស Move Forward។
គណបក្ស Move Forward មានសន្ទុះការគាំទ្ររឹងមាំក្នុងចំណោមអ្នកបោះឆ្នោតនៅទីក្រុង រួមទាំងអ្នកដែលបានចូលរួមចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយុវជនក្នុងឆ្នាំ ២០២០៕ ប្រែសម្រួល៖ ហួន ឌីណា