ចិន ថាគោរពអធិបតេយ្យភាពរបស់រដ្ឋអតីតសហភាពសូវៀតក្រោយមន្ត្រីចិនបង្កឱ្យមានការផ្ទុះកំហឹងនៅអឺរ៉ុប
ប៉េកាំង៖ ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមេសានេះថា ចិនគោរពឋានៈជារដ្ឋអធិបតេយ្យនៃបណ្តាប្រទេសអតីតសហភាពសូវៀតទាំងអស់។ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំប្រទេសបារាំង បានបង្កឱ្យមានការផ្ទុះកំហឹងនៅអឺរ៉ុប ដោយការចោទជាសំណួរអំពីអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ប្រទេសចិន គោរពឋានៈជារដ្ឋអធិបតេយ្យរបស់បណ្តាប្រទេសអតីតសូវៀត បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត»។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំងលោក លូ ហ្សេ (Lu Shaye) កាលពីសប្តាហ៍មុនបានបង្កឱ្យមានការខឹងសម្បានៅទូទាំងអឺរ៉ុប បន្ទាប់ពីលោកបានលើកឡើងថា ប្រទេសដែលកកើតក្រោយការដួលរលំនៃសហភាពសូវៀត គ្មានស្ថានភាពសមស្របក្រោមច្បាប់អន្តរជាតិទេ ពីព្រោះថាមិនមានកិច្ចព្រមព្រៀងអន្តរជាតិណាមួយបញ្ជាក់ពីឋានៈរបស់ពួកគេជាប្រទេសអធិបតេយ្យឡើយ។
លោក ហ្សូសេព បូរែល ប្រមុខការទូតអឺរ៉ុប បាននិយាយថាការលើកឡើងរបស់មន្ត្រីចិននេះជារឿងមិនអាចទទួលយកបានឡើយ។ លោកប្រមុខការទូតអឺរ៉ុប ថែមទាំងបានសរសេរនៅក្នុងសារធ្វីតដែរថា សហភាពអឺរ៉ុប គ្រាន់តែអាចគិតថាការប្រកាសបែបនេះ មិនតំណាងឱ្យគោលនយោបាយផ្លូវការរបស់ប្រទេសចិនឡើយ។
ចំណែកទីក្រុងប៉េកាំងវិញ នៅថ្ងៃចន្ទនេះបានបង្ហាញពីជំហរមិនជាប់ពាក់ព័ន្ធនឹងការកត់សម្គាល់របស់លោក លូ ឡើយ ហើយស្របពេលជាមួយគ្នានេះ ចិនក៏បានការពារគោលជំហរអព្យាក្រឹតរបស់ខ្លួនទាក់ទងនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕ ដោយ៖ គីម លីលីយ៉ា